បាតុកម្មអ៊ីរ៉ង់បណ្តាលឲ្យមនុស្សស្លាប់ ២២នាក់ មេដឹកនាំកំពូលអ៊ីរ៉ង់ថា ជាសត្រូវរបស់ខ្លួន

28

ក្រុមបាតុករដែលតវ៉ាប្រឆាំងនឹងបញ្ហាសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ ដែលបានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ២២នាក់ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានចោទប្រកាន់អ្នកញុះញង់ឱ្យមានអំពើហិង្សាថា ជាសត្រូវរបស់ប្រទេសអ៊ីរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាននិយាយថា មនុស្ស ៩នាក់ រួមទាំងកុមារម្នាក់ បានស្លាប់នៅក្នុងអំពើហិង្សានៅកណ្តាលប្រទេសអ៊ីរ៉ង់។ ការតវ៉ានេះ គឺជាការតវ៉ាទ្រង់ទ្រាយធំបំផុត ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតី ដែលមានជម្លោះកាលពីឆ្នាំ២០០៩។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ត្រូវបានគេដកស្រង់សម្តី ដែលបាននិយាយនៅលើគេហទំព័រផ្លូវការរបស់គាត់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សត្រូវរបស់ប្រទេសអ៊ីរ៉ង់ បានប្រើប្រាស់ឧបករណ៍ផ្សេងៗ ដូចជា សាច់ប្រាក់ អាវុធនុយក្លេអ៊ែរ នយោបាយ និងសេវាកម្មស៊ើបការណ៍សម្ងាត់ ដើម្បីបង្កើតបញ្ហាសម្រាប់សាធារណរដ្ឋឥស្លាមមួយនេះ។ លោកបាននិយាយថា លោកនឹងថ្លែងសន្ទរកថាមួយទៅកាន់ប្រជាជាតិអំពីព្រឹត្តិការណ៍ថ្មីៗ ដែលបានកើតឡើងបែបនេះ។

ការតវ៉ាបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុង Mashhad ដែលដំបូងឡើយប្រឆាំងនឹងការឡើងថ្លៃទំនិញ និងអំពើពុករលួយ ប៉ុន្តែចាប់តាំងពីពេលនោះមក បានរីករាលដាលចំពេលមានអ្នកញុះញង់ប្រឆាំងនឹងរដ្ឋាភិបាល។ មនុស្សប្រមាណ ៤៥០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងខេត្តតេអេរ៉ង់ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៩ ក្រុមបាតុកម្មដ៏ធំបំផុតរបស់ប្រទេសនេះ មនុស្សរាប់លាននាក់ បានជំទាស់នឹងជ័យជំនះនៃលទ្ធផលការបោះឆ្នោត។ បាតុកម្មទាំងនោះ ត្រូវបានបង្រ្កាបយ៉ាងឃោរឃៅ ដោយយ៉ាងហោចណាស់មនុស្ស ៣០នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ត្រូវចាប់ខ្លួនផងដែរ៕