ADB សម្រេចផ្តល់កម្ចីគិតជាទឹកប្រាក់៥០លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា

42

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីគិតជាទឹកប្រាក់ចំនួន ៥០លាន ដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅពង្រីក និងកែលំអសេវាផ្គត់ផ្គង់ទឹកស្អាត និងអនា ម័យក្នុងទីរួមខេត្តធំៗជាងគេចំនួន ៤ របស់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃនេះ។

លោក Michael White អ្នកឯកទេសផ្នែកអភិវឌ្ឍទីក្រុង នៃនាយកដ្ឋានអាស៊ីអាគេ្នយ៍របស់ ADB បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ខណៈដែលកម្ពុជាបន្តពង្រីក និងអភិវឌ្ឍន៍ ទីក្រុងរបស់ខ្លួនក្នុងល្បឿនមួយដ៏លឿន កម្ពុជាចាំបាច់ត្រូវធានាយ៉ាងណាឲ្យប្រជាពលរដ្ឋអាច ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន។

ADB នឹងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីធានាយ៉ាងណាឲ្យប្រជាពលរដ្ឋ អាចទទួលបានសេវាមូលដ្ឋានទីក្រុងទាំងនេះ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ ទីក្រុង ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក Michael White។

គួរបញ្ជាក់ថា គម្រោងដែលពង្រីក និងកែលំអសេវាផ្គត់ផ្គង់ទឹកស្អាត និងអនា ម័យក្នុងទីរួម​ខេត្ត​ធំៗ​ជាងគេចំនួន៤ របស់កម្ពុជានោះ រួមមាន៖ ទីក្រុងបាត់ដំបង កំពង់ចាម សៀមរាប និងព្រះសីហនុ៕ ដោយ៖ Rush News