សម្ព័ន្ធមិត្តរបស់លោកស្រីមីហ្គ៊ែលទទួលភាពបរាជ័យដ៏ធំសម្បើមពីការបោះឆ្នោតនៅរដ្ឋបាវ៉ារៀ

32

សម្ព័ន្ធមិត្តរបស់គណបក្សអភិរក្សរបស់អធិការបតីអាល្លឺម៉ង់លោកស្រី អង់គីឡា មីហ្គ៊ែល បាន
ទទួលបរាជ័យជាប្រវត្តិសាស្ត្រនៅក្នុងការបោះឆ្នោតមួយនៅរដ្ឋបាវ៉ារៀភាគខាងត្បូង។ លទ្ធផលនេះបានធ្វើឱ្យលោកស្រីមីហ្គ៊ែលរងនូវការវាយប្រហារធ្ងន់។

អ្នកបោះឆ្នោតនៅបាវ៉ារៀបានបោះឆ្នោតនៅថ្ងៃអាទិត្យនៅក្នុងការបោះឆ្នោតសភារដ្ឋលើក ដំបូងក្នុងរយៈពេល 5 ឆ្នាំ។ រដ្ឋបាវ៉ារៀតាំងពីដើមមកគឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់សម្ព័ន្ធមិត្តរបស់លោកស្រីមីហ្គ៊ែលដែលជាគណបក្សសហភាពសង្គមគ្រិស្ទបរិស័ទដែលបានរក្សាសម្លេងភាគច្រើនទាំងស្រុងនៅក្នុងរដ្ឋសភាជាយូមកហើយ។
ការយកចិត្តទុកដាក់ត្រូវបានគេផ្តោតលើការបោះឆ្នោតដ៏ធំជាលើកដំបូងចាប់តាំងពីលោកស្រីមីហ្គ៊ែលបានចាប់ផ្តើមអាណត្តិទីបួនរបស់លោកស្រី។

លទ្ធផលបឋមបង្ហាញថាគណបក្សសហភាពសង្គមគ្រិស្ទបរិស័ទទទួលបាន 37,2% នៃសម្លេង
ឆ្នោតធ្លាក់ចុះប្រហែល 10 ពិន្ទុពីការបោះឆ្នោតមុន។

បច្ចុប្បន្នគណបក្សសហភាពសង្គមគ្រិស្ទបរិស័ទនៅតែជាកម្លាំងដ៏ធំបំផុតនៅក្នុងសភារដ្ឋ ប៉ុន្តែបានទទួលអត្រាគាំទ្រទាបបំផុតក្នុងរយៈពេល 68 ឆ្នាំ។

គណបក្សប្រឆាំងអន្តោប្រវេស្តន៍ ស្តាំនិយមជម្រើសជំនួសអាល្លឺម៉ង់ហៅកាត់ AfD បានទទួល
ជ័យជម្នះ 10,2%។ គណបក្សនេះទទួលបានអាសនៈចំនួន 15 ក្នុងសភារដ្ឋទាំង 16 របស់
អាល្លឺម៉ង់។

ក្រុមអ្នកវិភាគនិយាយថាការបរាជ័យដ៏ធំរបស់សម្ព័ន្ធមិត្តគណបក្សអភិរក្សរបស់លោកស្រី មីហ្គ៊ែលបានឆ្លុះបញ្ចាំងពីការបែកបាក់ថ្មីៗនេះនៅក្នុងក្រុមចម្រុះកំពុងកាន់អំណាចលើគោល នយោបាយកណ្តាលរបស់លោកស្រីលើជនភៀសខ្លួន។

ក្រុមអ្នកសង្កេតការណ៍កំពុងផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ពួកគេទៅលើការបោះឆ្នោត សភានាពេលខាងមុខនេះនៅរដ្ឋហែសេកណ្តាលដែលគ្រោងធ្វើនៅថ្ងៃទី 28 ខែតុលា។ ពួកគេនិយាយថាភាពជាអ្នកដឹកនាំរបស់លោកស្រីមីហ្គ៊ែល អាចនឹងរងផលប៉ះពាល់បន្ថែម
ទៀតអាស្រ័យលើលទ្ធផលនៃការបោះឆ្នោតនៅរដ្ឋហែសេដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំ មួយនៅទីក្រុងហ្វ្រែងហ្វ៊ើត៕