ក្រុមហ៊ុនចំនួន 4 កំពុងចរចាគ្នាជុំវិញកិច្ចសហការអាជីវកម្មនុយក្លេអ៊ែរ

31

ក្រុមហ៊ុនជប៉ុនចំនួន 4 កំពុងចរចាអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានក្នុងអាជីវកម្មថាមពលនុយក្លេអ៊ែរ។ ពួកគេគឺជាក្រុមហ៊ុនថាមពលអគ្គិសនី Tokyo Electric Power និងក្រុមហ៊ុន Chubu Electric Power និងក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក Hitachi និង Toshiba ។

មនុស្សដែលដឹងពីបញ្ហានេះនិយាយថាក្រុមហ៊ុនចំនួន 4 កំពុងចរចាអំពីកិច្ចសហការនាពេលអនាគតក្នុងប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរ ការសាងសង់និងការថែទាំរបស់ពួកគេ។

ក្រុមហ៊ុនទាំង 4 នេះសុទ្ធសឹងជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការ ឬផលិតកម្មរ៉េអាក់ទ័រទឹកដែលជាប្រភេទម៉ាស៊ីនរ៉េអាក់ទ័រដូចគ្នានៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi។

រោងចក្រនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការឈប់ប្រើប្រាស់បន្ទាប់ពីគ្រោះមហន្តរាយកើតឡើងនៅទីនោះកាលពីខែមីនាឆ្នាំ 2011 បន្ទាប់ពីមានការរញ្ជួយដីនិងរលកយក្សស៊ូណាមិ។

ក្រុមហ៊ុន Hitachi និងក្រុមហ៊ុន Toshiba កំពុងមានការលំបាកក្នុងការទទួលបានការបញ្ជាទិញថ្មីសម្រាប់សាងសង់រោងចក្រនុយក្លេអ៊ែរនៅជប៉ុនដែលជាកន្លែងគ្រោះមហន្តរាយនៅហ៊្វូគូស៊ីម៉ាបានបញ្ឈប់ការសាងសង់។

ក្រុមហ៊ុនទាំង 2 នេះក៏កំពុងប្រឈមនឹងបរិយាកាសជំនួញកាន់តែតឹងរ៉ឹងនៅក្រៅប្រទេសដែលតម្រូវការសុវត្ថិភាពកាន់តែតឹងរឹងបានជំរុញឱ្យតម្លៃសំណង់សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរកើនឡើង។

ក្រុមហ៊ុនចំនួន 4 កំពុងពិភាក្សាអំពីផែនការជាច្រើនរួមទាំងការស្នើសុំបញ្ចូលគ្នានូវអាជីវកម្មនុយក្លេអ៊ែររបស់ខ្លួននាពេលអនាគត។

ទោះជាយ៉ាងណាក៏ដោយ កិច្ចចរចាររបស់ពួកគេប្រហែលជាមិនរលូនទេ ខណៈក្រុមហ៊ុន TEPCO បានចូលរួមក្នុងការបិទរោងចក្រហ៊្វូគូស៊ីម៉ា ហើយក្រុមហ៊ុនទាំង 4 មានជំហរខុសៗគ្នាលើអាជីវកម្មនៅឯនាយសមុទ្រ៕