បាតុកម្មប្រឆាំងរដ្ឋាភិបាលនីការ៉ាហ្គ័រសម្លាប់មនុស្សជាង 100 នាក់

30

ក្រុមសិទិ្ធមនុស្សនៅប្រទេសអាមេរិកកណ្តាល នីការ៉ាហ្គ័រ បាននិយាយថាមនុស្សជាង 100 នាក់បានស្លាប់នៅក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលចាប់តាំងពីពួកគេបានចាប់ផ្តើមធ្វើការតវ៉ា ក្នុងខែមេសា។

ការតវ៉ារបស់និស្សិតសាកលវិទ្យាល័យនិងអ្នកដទៃទៀតបានបន្តនៅទូទាំងប្រទេសចាប់តាំងពីលោកប្រធានាធិបតី Daniel Ortega បានប្រកាសអំពីការកាត់បន្ថយប្រាក់សោធននិវត្តន៍និងវិធានការរឹតត្បិតដទៃទៀតដែលពាក់ព័ន្ធនឹងប្រព័ន្ធសន្តិសុខសង្គមកាលពីខែមេសា។

ភាពចលាចលស្ងប់ស្ងាត់បន្ទាប់ពីលោក Ortega បានដកវិធានការនេះ ប៉ុន្តែបានផ្ទុះឡើងម្តងទៀត ខណៈបាតុករបានចាប់ផ្តើមអំពាវនាវឱ្យលោកប្រធានាធិបតីរូបនេះលាលែងពីតំណែងដោយរិះគន់ការគ្រប់គ្រងដ៏យូរអង្វែងរបស់គាត់។មជ្ឈមណ្ឌលសិទិ្ធមនុស្សនីកាហ្គោនដែលជាស្ថាប័នមិនមែនរដ្ឋាភិបាលបានឱ្យដឹងកាលពីថ្ងៃអង្គារថាចំនួនអ្នកស្លាប់ពីអំពើហិង្សាបានកើនឡើងដល់ 129 នាក់ ខណៈក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលបានប៉ះទង្គិចជាមួយកងកម្លាំងសន្ដិសុខ។

ការព្រួយបារម្ភអំពីស្ថានការណ៍នៅនីការ៉ាហ្គ័រត្រូវបានលើកឡើងផងដែរកាលពីថ្ងៃអង្គារដោយគណៈកម្មការអន្តរអាមេរិកស្តីពីសិទ្ធិមនុស្សដែលជាស្ថាប័នស្វយ័តនៃអង្គការអាមេរិក។ដោយលើកឡើងពីលទ្ធផលនៃការស៊ើបអង្កេតថ្មីៗនៅក្នុងប្រទេសនេះ គណៈកម្មការនេះបានព្រមានថាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរបានកើតឡើងនៅក្នុងប្រទេសនីការ៉ាហ្គ័រ ខណៈដែលក្រុមជីវពលគាំទ្ររដ្ឋាភិបាលប្រើកម្លាំងហួសប្រមាណប្រឆាំងនឹងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល៕