មីយ៉ាន់ម៉ានឹងដោះលែងអ្នកសារព័ត៌មាន TRT ដោយសារតែបង្ហោះដ្រូន

33

អាជ្ញាធរនិយាយថា អ្នកកាសែតបរទេសពីរនាក់ ដែលត្រូវបានគេចាប់ដាក់គុក ដោយសារតែពួកគេបានបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅក្បែររដ្ឋសភាមីយ៉ាន់ម៉ានោះ នឹងត្រូវដោះលែងនៅថ្ងៃទី៥ ខែមករា ខាងមុខនេះ។

ដោយឡែក អ្នកបកប្រែភាសានិងអ្នកបើកបរឡានរបស់ពួកគេ ក៏នឹងត្រូវបានដោះលែងផងដែរ។ អ្នកទាំង ៤ត្រូវបានកាត់ទោសជាប់ពន្ធនាគារចំនួន ២ខែ ពីបទរំលោភច្បាប់ប្រឆាំងយន្តហោះ។ ការចោទប្រកាន់បន្ថែមទៀត ដែលអាចនាំមកនូវការជាប់គុករាប់ឆ្នាំ ត្រូវបានទម្លាក់ចោល។ រីឯក្រុមអ្នកសារព័ត៌មានដែលធ្វើការសម្រាប់ទូរទស្សន៍ TRT របស់ប្រទេសតួកគី មានការព្រួយបារម្ភអំពីសេរីភាពសារព័ត៌មាននៅមីយ៉ាន់ម៉ា។

ក្រៅពីការរំលោភលើទង្វើប្រឆាំងយន្តហោះនោះ អ្នកទាំង ៤នាក់នេះ ត្រូវបានគេស៊ើបអង្កេតពីបទរំលោភច្បាប់ ស្តីពីការនាំចូលយន្តហោះគ្មានមនុស្សបើកដោយគ្មានអាជ្ញាប័ណ្ណ ជាបទល្មើសដែលអាចដាក់គុកពួកគេមានរយៈពេល ៣ឆ្នាំ។ អ្នកកាសែតបរទេសពីរនាក់ ក៏ត្រូវបានគេចោទប្រកាន់ពីបទល្មើសអន្តោប្រវេសន៍ផងដែរ៕