អាជីវកម្មកាយអាចម៍ដី២កន្លែង ម្ចាស់និងអាជ្ញាធរអះអាងថាមានច្បាប់ ប៉ុន្តែពលរដ្ឋថា ជាបឹងអភិរក្សធម្មជាតិ

77

 

ខេត្តកំពង់ឆ្នាំង ៖ បឹងដំរ៉ែកជាបឹងអភិរក្សធម្មជាតិ និងជាអាងស្តុបទឹកទុកសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដែលមានទីតាំងជាប់ព្រំប្រទល់ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង គេសង្កេតឃើញមានសកម្មភាពគ្រឿងចក្រជាច្រើន កំពុងកាយយកអាចម៍ដីលក់យ៉ាងអាណាធិប្បតេយ្យ។

ប្រភពប្រជាពលរដ្ឋបង្ហើបឲ្យដឹងថាម្ចាស់អាជីវកម្មទី១ មានឈ្មោះសោម សុម៉ាលិ (ហៅយាយម៉ៅពេជ្យនិល) និងទី២មានឈ្មោះជា ឆេងស្រង់ (ហៅពៅ) អ្នកទាំងពីរជាឈ្មួញចាស់វស្សាជាយូរឆ្នាំហើយនៅទីតាំងខាងលើមិនដឹងថាមានច្បាប់អនុញ្ញាតិ និងអនុវត្តត្រឹមត្រូវ ឬយ៉ាងណានោះទេ ដែលសកម្មភាពនេះដឹកដីមិនគ្រប និងមិនស្រោចទឹក ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ជាពិសេសកូនតូចៗ។ ដោយឡែកចំពោះផ្លូវសាធារណៈរបស់រដ្ឋក៏មានការខូចខាតដោយអន្លើផងដែរ។

លោកពៅ ស៊ីម ប្រធានធនធានរ៉ែ និងថាមពលខេត្តកំពង់ឆ្នាំងបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤តាមប្រព័ន្ធតេឡេក្រាមថា ក្រោយពីពិនិត្យលើទីតាំងទាំង២អាជីវកម្មរណ្តៅដីខាងលើ ជាលទ្ធផល ឈ្មោះជា ឆេងស្រង់ គាត់មានអាជ្ញាប័ណ្ណសិប្បៈកម្មធនធានរ៉ែចេញដោយអភិបាលស្រុករលាប្អៀរ ដោយឡែកម្នាក់ទៀតឈ្មោះសោម សុម៉ាលិ ពុំមានច្បាប់ធនធានរ៉ែទេ ប៉ុន្តែមានសំណើរទៅអភិបាលខេត្តសុំស្តាបឹង ហើយក៏មានការឯកភាពពីមន្ទីរធនធានទឹក មន្ទីរកសិកម្ម ចៅសង្កាត់ខ្សាម និងអភិបាលក្រុងផងដែរ។ ប៉ុន្តែទោះយ៉ាងណាសូមឲ្យម្ចាស់អាជីវកម្មនោះសុំការអនុញ្ញាតិធ្វើអាជ្ញាប័ណ្ណសិប្បៈកម្មពីរដ្ឋបាលខេត្ត ទើបបន្តឲ្យធ្វើទៀតបាន។

គួររំលឹកផងដែរនៅរសៀលថ្ងៃ២២ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរស្រុករលាប្អៀរ មានលោកផុន សីហា អភិបាលរងស្រុករលាប្អៀរ តំណាងលោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរ សហការជាមួយមន្ត្រីមន្ទីរធនធានទឹក អាជ្ញាធរភូមិ សមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយលោកជា ឆេងស្រង់( ហៅពៅ) ជាម្ចាស់អាជីវកម្មកាយយកអាចម៍ដីលក់ ដោយភ្ជាប់ជាមួយឯកសារផងដែរ។ ក្រោយបានពិនិត្យឯកសារលោកអឿ សារឿន អនុការិយាល័យមន្ទីរធនធានទឹក លោកមាស ហ៊ុល ជំទប់ទី២ឃុំក្រាំងដីមាស លោកមាន់ ថេត ប្រធានសហគមន៍ដំបូកកកោះ បានអះអាងថាអាជីវកម្មនៅចំណុចបឹងដំរ៉ែក ព្រុំប្រទល់រវាងភូមិដំបូកកកោះ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ និងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានច្បាប់អនុញ្ញាតិត្រឹមត្រូវ។ជាមួយគ្នានេះអាជ្ញាធរភូមិ និងប្រធានសហគមន៍ បានបញ្ជាក់ថា ដោយបច្ចុប្បន្នផ្ទៃអាងទឹកនិងបឹងធម្មជាតិមួយចំនួន មានការគោករាក់ មិនអាចតំកល់បរិមាណទឹកគ្រប់គ្រាន់ទៅតាមតម្រូវការប្រើប្រាស់ និងផ្គត់ផ្គង់ស្រោចស្រពស្រូវប្រាំង និងផលដំណាំរបស់បងប្អូនប្រជាកសិករក្នុងរដូវប្រាំងបាន ដូច្នេះមានការស្នើស្តាអាងទឹកខាងលើចំនួន ០៤ហិកតា។

ពាក់ព័ន្ធការលើកឡើងនេះយើងពុំអាចទំនាក់ទំនងទៅលោកយី ភួន មេឃុំក្រាំងដីមាស សុំការបញ្ជាក់ស្នាមមេដៃរបស់ប្រជាពលរដ្ឋដែលបានស្នើសុំការស្តាអាងទឹកធម្មជាតិ បាននោះទេ ។ជាហេតុធ្វើឲ្យសាធារណៈជនដាក់ការសង្ស័យថា ជាការត្រូវរ៉ូវគ្នាជាផលប្រយោជន៍បុគ្គល ហើយអ្វីជាការព្រួយបារម្ភនោះគឺខ្លាចបាត់បង់បឹងធម្មជាតិ ដែលអ្នកភូមិធ្លាប់ប្រើប្រាស់សម្រាប់របរកសិកម្មជាច្រើនជំនាន់មកហើយនោះ ត្រូវធ្លាក់ទៅលើដៃឯកជនកាន់កាប់អាស្រ័យផលទៅវិញ ដូច្នេះស្នើអាជ្ញាធរពាក់ព័ន្ធ ឯកឩត្តមស៊ុន សុវណ្ណារិទ្ធិ ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត ជាពិសេសអាជ្ញាធរថ្នាក់ជាតិមេត្តា បើកការស្រាវជ្រាវឲ្យស៊ីជម្រៅ និងរក្សាបឹងធម្មជាតិខាងលើទុកជាសម្បត្តិរដ្ឋវិញ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែខិតខំបង្កា បង្ក្រាបទប់ស្កាត់ រាល់បទល្មើសធនធានធម្មជាតិ រក្សាការពារអភិរក្សបឹងធម្មជាតិនានា ទុកជាប្រយោជន៍រួមដល់ពលរដ្ឋ៕