រដ្ឋបាលស្រុកកំពង់ស្វាយប្រារព្ឋខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

1

 

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានអញ្ជើញអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅសាលាស្រុកកំពង់ស្វាយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងពិធីនេះដែរដោយមានអ្នកចូលរួមពីលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំនិងលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយព្រមទាំង តំណាងស្ត្រីនៅសាលាស្រុកនិងមកពីបណ្ដាឃុំប្រមាណជិត ១០០ នាក់ ផងដែរ ។

លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយក ប្រធានបទស្តីពី «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ថា ជាការដាក់ប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាមផែនការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតបច្ចេកវិទ្យាឌីជីថល។

លោកជំទាវបញ្ជាក់ថាការជំរុញឱ្យស្ត្រីនិងយុវតីកម្ពុជាផ្សាភ្ជាប់ ជាមួយបច្ចេកវិទ្យាឌីជីលនេះ គឺនឹងផ្តល់អត្ថប្រយោជន៍ និងផលភាគចេញពីការអភិវឌ្ឍដែលបច្ចេកវិទ្យាឌីជីថលជាស្នូល
សម្រាប់កម្ពុជា សិទ្ធិនារី ត្រូវបានរដ្ឋាភិបាលកម្ពុជាតាំងពីក្រោយការរំដោះ៧មករា ឆ្នា១៩៧៩មក បានបន្តយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧នេះ ខណៈដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។

ក្នុងនាមក្នុងនាមប្រធានក្រុមការងារលោកជំទាវបានសង្កត់ធ្ងន់ថាការប្រារព្ឋទិវាសិទ្ធិនារីនេះមិនមែនជាការប្រារព្ឋសម្រាប់និមិត្តរូបនោះទេ តែជាការបង្ហាញការគោរព និងការយកចិត្ត ទុកដាក់ទៅដល់ស្ត្រី ដែលកំពុងមានវត្តមានភាគច្រើនជាងបុរសនៅកម្ពុជា។ ដូចនេះ រាល់សកម្មភាព កិច្ចការអាទិភាពត្រូវគិតគូរដល់ស្ត្រីបើមិនដូច្នេះទេផែនការសកម្មភាព ឬកម្មវិធីនយោបាយណាមួយមិនអាចឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងសម្រាប់ការអភិវឌ្ឍក្នុងសង្គមជាតិកម្ពុជានោះឡើយ។

លោកជំទាវ ឃួន ឃុនឌី ជំរុញឲ្យឃុំទាំងអស់រៀបចំធ្វើទិវាសិទ្ធិនារីនៅតាមបណ្ដាឃុំដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ទៅដល់ស្ត្រីពិសេសទឹកចិត្តដល់មេភូមិ  អនុភូមិ សមាជិកភូមិ នារីភូមិរបស់យើង។