រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានធ្វើការចោទប្រកាន់ដោយផ្ទាល់ទៅកាន់កូរ៉េខាងជើង ថានៅ ពីក្រោយការវាយប្រហារលើប្រព័ន្ធអ៊ិនធើណេត ដែលធ្វើឲ្យមានមេរោគឆ្លងចូលប្រព័ន្ធកុំព្យូទ័ររាប់ពាន់គ្រឿងជុំវិញពិភពលោក។
លោក Tom Bossert ទីប្រឹក្សាសន្ដិសុខ និងជាទីប្រឹក្សាប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារលើបណ្តាញអ៊ិនធើណេតរបស់កូរ៉េខាងជើងនេះ បានបង្កឲ្យមានមេរោគរីករាលដាលយ៉ាងខ្លាំងលើប្រព័ន្ធកុំព្យូទ័រ និងបានធ្វើឲ្យខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបញ្ហានេះ កូរ៉េខាងជើងគឺជាអ្នកទទួលខុសត្រូវទាំងស្រុង។
គួររំលឹកថា ការវាយប្រហារលើបណ្តាញអ៊ិនធើណេតពីសំណាក់កូរ៉េខាងជើងនេះ បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ទី ១២ ខែឧសភា ឆ្នាំ ២០១៧ ដែលបានធ្វើឲ្យប្រព័ន្ធកុំព្យូទ័រមានឆ្លងមេរោគចំនួនជាង ២៣ម៉ឺនគ្រឿង ក្នុងប្រទេសជាង១៥០ លើពិភពលោក ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ បញ្ហានេះបានធ្វើឲ្យក្រុមហ៊ុន និងសេវាកម្មសាធារណៈជាច្រើននៅជុំវិញពិភពលោកត្រូវបានរងផលប៉ះពាល់នេះ៕