ប្រទេសជប៉ុននិងសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយនៅក្នុងការចរចាពាណិជ្ជកម្ម។
រដ្ឋមន្ត្រីជប៉ុនទទួលបន្ទុកក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកលោកតូស៊ីមីតស៊ូ ម៉ូតិហ្គិ និងអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោករ៉ូប៊ឺត ឡាយធីហ្ស៊ើ បានឯកភាពលើគម្រោងនៃកិច្ចព្រមព្រៀងនៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុងវ៉ាស៊ីនតោន។
ពួកគេបានឯកភាពថាប្រទេសជប៉ុននឹងដាក់ពន្ធលើផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិកដល់កម្រិតដែលត្រូវអនុវត្តចំពោះសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។
នោះគឺស្របតាមសេចក្តីថ្លែងការណ៍រួមជប៉ុន – សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីខែកញ្ញាឆ្នាំមុន។
ប្រភពបាននិយាយថាប្រទេសជប៉ុននឹងកាត់បន្ថយពន្ធលើសាច់គោនិងសាច់ជ្រូករបស់សហរដ្ឋអាមេរិកទៅកម្រិត TPP ប៉ុន្តែនឹងមិនកំណត់កូតាថ្មីសម្រាប់ប៊័រនិងទឹកដោះគោមានជាតិខ្លាញ់តិច។ ប្រទេសជប៉ុនបានប្រឆាំងនឹងកូតាបែបនេះដោយផ្អែកលើហេតុផលដែលលើសពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀង TPP។
សហរដ្ឋអាមេរិកនឹងលុបចោលពន្ធលើផលិតផលឧស្សាហកម្មជប៉ុនជាច្រើនប្រភេទ។ ប៉ុន្តែវានឹងរក្សាពន្ធលើរថយន្តជប៉ុនពីព្រោះប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំមើលឃើញថាឱនភាពពាណិជ្ជកម្មរបស់ប្រទេសរបស់លោកជាមួយជប៉ុនជាបញ្ហា។ កិច្ចពិភាក្សាអំពីពន្ធលើរថយន្តនឹងបន្ត។
នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេគ្រោងនឹងជួបលោកត្រាំ នៅខាងក្រៅកិច្ចប្រជុំកំពូល G7 ដែលកំពុងដំណើរការនៅប្រទេសបារាំង។
លោកគ្រោងនឹងបញ្ជាក់ជាមួយលោកត្រាំ នូវលទ្ធផលនៃកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីចុងក្រោយនិងពិភាក្សាអំពីពេលវេលាសម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី៕