(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានសុខភាពសិក្សា ក្រោមជំនួយឧបត្ថម្ភ
ពីអង្គការហេឡែនខេលល័រអន្តរជាតិ បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីគម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លង តាមគ្រឹះស្ថានសិក្សា នៅកម្ពុជាជូនដល់ដៃគូពាក់ព័ន្ធ ក្នុងនោះមានមន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ស្រុកស្ទោង មន្ត្រីការិយាល័យសុខភាពសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកទាំងបី នាយក នាយិកាសាលាមកពី១៤សាលា ស្រុកតាំងគោក មកពីស្រុកសន្ទុក១៣សាលា និងស្រុកស្ទោងចំនួន១៣សាលា។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសុខភាព នៃក្រសួងអប់រំ យុវជន និងកីឡា លោក តាន់ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន កីឡាខេត្តកំពង់ធំ ការរៀបចំឱ្យមានសិក្ខាសាលានេះ ក្នុងគោលបំណងណែនាំគម្រោង កាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា ដល់ដៃគូពាក់ព័ន្ធ ជាពិសេសគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ដែលជាប្រតិបត្តិករដ៏សំខាន់ នៅក្នុងវិស័យអប់រំ។ ដើម្បីបង្កើនការយល់ដឹងពីការលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងអាហារប្រកបដោយសុខភាពផងដែរ។
ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ បានថ្លែងថាក្នុងពិធីបើកសិក្ខាសាលា ស្ដីពី គម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លង នៅតាមគ្រឹះស្ថានសិក្សា ក្នុងប្រទេសកម្ពុជា ជូនដល់នាយក នាយិកាសាលាគោលដៅ។ ភាពចាំបាច់ក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់សុខភាព នៅតាមគ្រឹះស្ថានសិក្សា ក្នុងគោលដៅបង្កើតនូវមូលធនមនុស្ស ដែលពេញលេញដោយសម្បទាទាំង៥ គឺកាយចិត្តសម្បទា វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា។
ទន្ទឹមនឹងនោះ ឯកឧត្តមវេជ្ជបណ្ឌិតអនុប្រធាននាយកដ្ឋានក៏បានមានប្រសាសន៍លើកឡើងពីបាវចនា នៃកំណែទម្រង់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៧ ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្ដោតលើវិស័យ០៥គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងឌីជីថល។
ជាមួយគ្នានោះឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសុខភាព នៃក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អនុសាសន៍ល្អៗជាច្រើន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពិសេសត្រូវយកចិត្តទុកដាក់ការជ្រើសរើសអាហារញ៉ាំ ដោយត្រូវញ៉ាំខ្លាញ់តិច ស្ករតិច អំបិលតិច តាមពាក្យស្លោក ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី។