ឥណ្ឌានឹងផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់ប៊ូតាន

27

នាយករដ្ឋមន្ត្រីឥណ្ឌា​ លោក Narendra Modi បានប្រកាសថាប្រទេសរបស់លោកនឹងផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបចំនួន 640 លានដុល្លារដល់ប្រទេសប៊ូតានក្នុងរយៈពេល 5 ឆ្នាំ។

លោក Modi បានធ្វើការសន្យាក្នុងអំឡុងជំនួបជាមួយនាយករដ្ឋមន្រ្តីប៊ូតាន លោក Lotay Tshering ដែលបានឡើងកាន់តំណែងកាលពីខែមុននៅរដ្ឋធានីញូវដេលីកាលពីថ្ងៃសុក្រ។

ប្រាក់កម្ចីនេះត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសហេមពាន្ត។

លោក Modi បានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថាលោកបានធានាដល់លោក Tshering ថាប្រទេសឥណ្ឌាជាមិត្តដែលជឿទុកចិត្តនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសប៊ូតាន។

លោក Tshering បានឆ្លើយតបថាប្រទេសរបស់លោកចង់បង្កើតទំនាក់ទំនងរបស់ខ្លួនឲ្យកាន់តែស៊ីជម្រៅជាមួយប្រទេសឥណ្ឌាដែលជាប្រទេសជិតខាងដ៏សប្បុរស។

ប្រទេសប៊ូតានស្ថិតនៅរវាងប្រទេសឥណ្ឌានិងចិនប៉ុន្តែមិនមានទំនាក់ទំនងការទូតជាមួយប្រទេសចិនទេហើយមានជម្លោះដែនដីលើតំបន់ព្រំដែន។

ប្រទេសឥណ្ឌាត្រូវបានគេជឿថាមានបំណងថែរក្សាទំនាក់ទំនងប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយប្រទេសប៊ូតានតាមរយៈការគាំទ្រទ្រង់ទ្រាយធំខណៈដែលប្រទេសចិនកំពុងព្យាយាមធ្វើឱ្យមានទំនាក់ទំនងល្អជាមួយប្រទេសតំបន់ហេមពាន្តនេះ៕