អាជ្ញាធរឥណ្ឌូនេស៊ីចេញការព្រមានហោះហើរនៅពេលដែលភ្នំភ្លើង Merapi ផ្ទុះឡើង

37

ប្រទេសឥណ្ឌូនេស៊ីបានព្រមានជើងហោះហើរក្បែរភ្នំភ្លើង Merapi ក្នុងក្រុង Magelang ភាគកណ្តាលរដ្ឋចាវ៉ារហូតដល់កម្រិតខ្ពស់បំផុតនៅថ្ងៃសុក្រទី1 ខែមិថុនា បន្ទាប់ពីវាបានបំប៉ើងផ្សែងផេះខ្ពស់ជាង 6 គីឡូម៉ែត្រចូលទៅក្នុងអាកាសដែលជាការផ្ទុះដ៏ធំបំផុតនៅឆ្នាំនេះ។ សេចក្តីជូនដំណឹងភ្នំភ្លើង Volcano Observatory សម្រាប់អាកាសចរ (VONA) បានបញ្ចេញសញ្ញាព្រមានពណ៌ក្រហមដែលមានន័យថាការផ្ទុះភ្នំភ្លើងមួយកំពុងតែកើតឡើងជាមួយការបំភាយផេះដ៏ខ្លាំងខ្លានៅក្នុងបរិយាកាស។

ទោះជាយ៉ាងណាទីភ្នាក់ងារបន្ថយគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថាការផ្ទុះចុងក្រោយបំផុតមានរយៈពេលប្រហែលពីរនាទី ហើយអាកាសយានដ្ឋានអន្តរជាតិ Adi Sucipto នៅក្នុងទីក្រុង Yogyakarta នៅតែបើក។

ភ្នំភ្លើង Merapi មានចម្ងាយប្រហែល 28 គីឡូម៉ែត្រពីទីក្រុង Yogyakarta។អ្នកនាំពាក្យរបស់ BNPB លោក Sutopo Purwo Nugroho បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “ផេះភ្នំភ្លើងត្រូវបានគេរំពឹងថានឹងធ្លាក់នៅជុំវិញផ្នែកខាងលិចនៃភ្នំភ្លើង Merapi។

សញ្ញាជូនដំណឹងអាកាសចរណ៍ពណ៌ក្រហមមិនមែនមានន័យថាអាកាសយានដ្ឋាននៅក្បែរនោះត្រូវបិទទ្វារនោះទេ ប៉ុន្តែពួកគេនឹងត្រូវរង់ចាំមើល ដោយផ្អែកលើកម្លាំងនៃការផ្ទុះនិងទិសខ្យល់។

ទីភ្នាក់ងារបន្ថយគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថាការផ្ទុះនេះមិនបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នករស់នៅជិតភ្នំភ្លើង ហើយមិនចាំបាច់ធ្វើការជម្លៀសជាបន្ទាន់ដែរ។

ទីភ្នាក់ងារនេះក៏បានជំរុញឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់។នៅថ្ងៃទី 21 ខែឧសភា មជ្ឈមណ្ឌលសម្រាប់បន្ទុះភ្នំភ្លើងនិងការកាត់បន្ថយមហន្តរាយភូគព្ភសាស្ដ្រ បានបង្កើនកំរិតនៃការប្រុងប្រយ័ត្នរបស់ភ្នំ Merapi ពីធម្មតាទៅជាការព្រមានបន្ទាប់ពីការកើនឡើងនៃការផ្ទុះដែលមានកម្អែរដែលកើតឡើងនៅពេលកម្អែរអ្វើអោយទឹកក្រោមដីឡើងកំដៅហើយចំហាយចេញក្រោមសម្ពាធ។

អាជ្ញាធរបានហាមឃាត់សកម្មភាពណាមួយនៅចម្ងាយ 3 គីឡូម៉ែត្រជុំវិញភ្នំភ្លើង។

ភ្នំភ្លើង Merapi ជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន 129 នៅឥណ្ឌូនេស៊ីបានផ្ទុះជាទៀងទាត់តាំងពីឆ្នាំ 1948។ ការផ្ទុះជាច្រើននៅឆ្នាំ 2010 បានសម្លាប់មនុស្សជាង 350 នាក់៕