លោក Mourinho បន្តកុងត្រាជាមួយ Manchester United រហូតឆ្នាំ 2020

31

ឡុងដុង: ក្លឹប Premier League បានប្រាប់កាលពីថ្ងៃព្រហស្បតិ៍នេះថា អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានបន្តកុងត្រារបស់គាត់រហូតដល់ឆ្នាំ 2020។

លោក Mourinho ដែលបានតែងតាំងជំនួសលោក Louis van Gaal នៅដើមរដូវកាលមុន បានដឹកនាំក្រុមឆ្ពោះទៅកាន់ដំណែងជើងឯក League Cup និង Europa League នៅឆ្នាំដំបូងដែលគាត់ដឹកនាំក្រុម។

តាមរបាយការណ៍ក្នុងគេហទំព័ររបស់ក្លឹប (www.manutd.com) បុរសសញ្ជាតិព័រទុយហ្គាល់ វ័យ 54 ឆ្នាំរូបនេះដែលកិច្ចព្រមព្រៀងរបស់គាត់បញ្ចប់ក្នុងឆ្នាំ ២០១៩  បានសរសេរថា “ខ្ញុំពិតជាមានកិត្តិយសនិងមោទនភាពដែលក្លាយជាអ្នកចាត់ការក្លឹប Manchester United។ “យើងកំពុងតែបង្កើតលក្ខណ្ឌសម្រាប់អនាគត់ដ៏ឆ្លាតវៃនិងជោគជ័យអោយក្រុម Manchester United។ ខ្ញុំពេញចិត្តកីឡាកររបស់ខ្ញុំ ហើយពិតជារីករាយដែលដឹងថាយើងអាចធ្វើដំណើរជាមួយគ្នាយ៉ាងហោចណាស់បីឆ្នាំបន្តទៀត”។

អនុប្រធានក្លឹបបិសាចក្រហម លោក Ed Woodward បានសរសើរលោក Mourinho ចំពោះលទ្ធផលការងារដ៏អស្ចារ្យនិងប្រកបដោយវិជ្ជាជីវៈ រួមទាំងទទួលយកនូវបំណងប្រាថ្នារបស់ក្លឹបដើម្បីលើកកម្ពស់កីឡាករវ័យក្មេង។

លោក Ed Woodward បានបន្ថែមទៀតថា “គាត់បាននាំមកនូវថាមពលនិងគោលបំណងដ៏មានអត្ថន័យ សម្រាប់អ្វីៗគ្រប់យ៉ាងដែលគាត់បានធ្វើ ហើយខ្ញុំប្រាកដថាគាត់នឹងបន្តនាំមកនូវលទ្ធផលដ៏ប្រពៃអោយអ្នកគាំទ្រ និងក្លឹប”។

ក្លឹបបិសាចក្រហម Manchester United ជាក្លឹបជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុង Premier League នៅពីក្រោយក្លឹប Manchester City ដែលនាំមុខ ហើយជាក្លឹបដែលប្រកួតប្រជែងក្នុងកម្មវិធីប្រកួតរបស់ Champions League និង FA Cup៕