សហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មមេដឹកនាំបេឡារុស

61

សហគមន៍អ៊ឺរ៉ុបបានដាក់ទណ្ឌកម្មលើមេដឹកនាំបេឡារុស្សនិងមន្ត្រីរដ្ឋាភិបាល 14 រូបទៀតជុំវិញការបង្ក្រាបរបស់ប្រទេសនេះទៅលើក្រុមបាតុករបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដែលមានជម្លោះកាលពីខែសីហា។

សហគមន៍អ៊ឺរ៉ុបបាននិយាយកាលពីថ្ងៃសុក្រថាប្រធានាធិបតីលោក Alexander Lukashenko ត្រូវបានដាក់បន្ថែមទៅក្នុងបញ្ជីទណ្ឌកម្មរួមជាមួយកូនប្រុសរបស់គាត់ដែលមានតួនាទីជាទីប្រឹក្សាសន្តិសុខជាតិ។

សេចក្តីសម្រេចនេះបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលត្រូវបានចុះបញ្ជីនិងហាមឃាត់ពួកគេពីការធ្វើដំណើរទៅកាន់បណ្តាប្រទេសសហគមន៍អឺរ៉ុប។

សហគមន៍អ៊ឺរ៉ុបបានដាក់ទណ្ឌកម្មស្រដៀងគ្នាលើមន្ត្រីជាន់ខ្ពស់បេឡារុសជាង 40 នាក់រួចហើយ។ក្រសួងការបរទេសបេឡារុសនិយាយថាខ្លួនកំពុងពិចារណាវិធានការប្រឆាំង។

ការតវ៉ាបាននិងកំពុងបន្តនៅក្នុងប្រទេសបេឡារុសជាមួយក្រុមបាតុករដែលអំពាវនាវឱ្យលោក Lukashenko លាលែងពីតំណែងដោយសារតែពួកគេបានចោទប្រកាន់ថាការបោះឆ្នោតខែសីហាត្រូវបានគេលួចបន្លំ។

លោក Lukashenko ដែលគាំទ្រដោយរុស្ស៊ីកំពុងរក្សាជំហររឹងរូសប្រឆាំងនឹងក្រុមបាតុករ។ស្ថានភាពនៅតែជាប់គាំងដដែលដោយសារកូដកម្មទូទាំងប្រទេសដែលត្រូវបានអំពាវនាវដោយកងកម្លាំងប្រឆាំងរដ្ឋាភិបាលកាលពីចុងខែមុនហាក់ដូចជាមិនមានការរីករាលដាលទេ៕