គ្រូបង្រៀន និងអតីតគ្រូទទួលបានសេវាសុខភាព ប.ស.ស ឥតគិតថ្លៃ

68

រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់នូវសេវាសុខាភាពរបបសន្តិសុខសង្គម ដោយឥតគិតថ្លៃដល់គ្រូបង្រៀន និង​អតីតគ្រូ​បង្រៀន ដើម្បីពិនិត្យ និង ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យសាធារណៈ និង ឯកជនដែលចុះកិច្ចព្រម​ព្រៀង​ជាមួយ ប.ស.ស។

នេះបើយោងតាមលិខិតផ្លូវការមួយចុះថ្ងៃទី ២៣​ ខែ មករាម្សិលមិញដែលក្រសួងអប់រំផ្ញើទៅកាន់​ប្រធាន​មន្ទីរ​អប់រំ រាជធានី ខេត្តដែលមានកម្មវត្ថុលើកឡើងពីការ​ផ្ដល់របបសន្តិសុខ​សង្គមផ្នែក​ថែទាំសុខភាព​ដោយ​ឥតគិត​ថ្លៃ នៅតាម​មូលដ្ឋានសុខាភិបាលសាធារណៈ និង ឯកជនដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស​ ជូន​ដល់​មន្រ្តី សាធា​រណៈ និង អតីតមន្រ្តីរាជការ។

ក្រសួងអប់រំបានឲ្យដឹងថាចាប់តាំងពីថ្ងៃទី០១ ខែ មករាតទៅគ្រូបង្រៀន និង​អតីតគ្រូបង្រៀនទាំងអស់អាចទៅ​ទទួលសេវាថែទាំសុខភាពដោយឥតបង់ថ្លៃ ដោយគ្រាន់តែភ្ជាប់ទៅជាមួយនូវប័ណ្ណសម្គាល់ខ្លួនមន្រ្តីរាជការ និង​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររាល់ពេលទៅទទួលសេវា។

ក្រសួងអប់រំបន្តថាសម្រាប់អតីតគ្រូបង្រៀនដែលមានប័ណ្ណសម្គាល់ខ្លួនដែលហួសកាលកំណត់ អាចទៅ​បញ្ជាក់​នៅ​​ក្រសួង ឬមន្ទីរអប់រំរាជធានី ខេត្តដែលខ្លួននៅក្រោមឱវាទ។

ជាមួយគ្នានោះដែរក្រសួងអប់រំក៏ជំរុញឲ្យប្រធានអង្គភាពសាមី ត្រូវរួសរាន់ចេញលិខិតបញ្ជាក់ពីអត្តសញ្ញាណ ជូន​ដល់អតីតមន្រ្តីរាជការ ឬអតីតគ្រូបង្រៀនឲ្យបានទាន់ពេលវេលា៕