លោក Kishida ​និង​ លោក Modi នឹងធ្វើការដើម្បីស្ថិរភាពតំបន់

3

នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក Kishida Fumio និងសមភាគីឥណ្ឌា លោក Narendra Modi បានបញ្ជាក់ថាពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ។

មេដឹកនាំទាំងពីរបាននិយាយតាមទូរស័ព្ទប្រហែល ២៥ នាទីកាលពីថ្ងៃសុក្រ។ វាគឺជាការសន្ទនាលើកដំបូងរបស់លោកទាំងពីរចាប់តាំងពីលោក Kishida ឡើងកាន់តំណែង។

មេដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីបន្ថែមទៀតព្រមទាំងសហការគ្នាក្រោមអ្វីដែលហៅថាសម្ព័ន្ធមិត្ត ៤ប្រទេស រួមមានជប៉ុន ឥណ្ឌា អូស្ត្រាលី និងសហរដ្ឋអាមេរិក។

មេដឹកនាំទាំងពីរក៏បានយល់ព្រមប្រឆាំងនឹងការប៉ុនប៉ងឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងនិងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច។ ហើយពួកគាត់បានបញ្ជាក់ថាពួកគាត់ នឹងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីសម្រេចបាននូវសន្តិសុខសេដ្ឋកិច្ចរួមទាំងភាពធន់នៃសង្វាក់ផ្គត់ផ្គង់។

លោក Kishida បានចង្អុលបង្ហាញថាកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើងគឺជាការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខតំបន់និងពិភពលោក។ លោកបានសុំការយោគយល់និងការគាំទ្រដើម្បីដោះស្រាយបញ្ហាការចាប់ពង្រត់ជនជាតិជប៉ុនដោយកូរ៉េខាងជើង៕