លោក Biden ទូរស័ព្ទទៅកាន់មេដឹកនាំអ៊ីស្រាអែល និង ប៉ាឡេស្ទីនជុំវិញបញ្ហាជម្លោះ

19

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ក្រុមអ៊ីស្លាមជ្រុលនិយមហាម៉ាស ដើម្បីបញ្ឈប់ការបាញ់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែលតាមទូរស័ព្ទលើកដំបូងរបស់លោកចាប់តាំងពីបានចូលកាន់តំណែងជាប្រធានាធិបតីទៅកាន់មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas។

សេចក្តីថ្លែងការណ៍មួយដែលចេញដោយសេតវិមានកាលពីថ្ងៃសៅរ៍បាននិយាយថាមេដឹកនាំទាំងពីរបាន” “ចែករំលែកក្តីបារម្ភដែលថាជនស៊ីវិលស្លូតត្រង់ រួមទាំងកុមារផងបានបាត់បង់ជីវិតគួរឱ្យសោកសៅចំពេលមានអំពើហិង្សាដែលកំពុងកើតមាន។”

នៅថ្ងៃដដែលនោះ លោក Biden ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu តាមទូរស័ព្ទផងដែរ។

សេចក្តីថ្លែងការណ៍មួយទៀតពីសេតវិមាននិយាយថា លោក Biden បានថ្កោលទោសចំពោះ “ការវាយប្រហារឥតរើសអើង” ប្រឆាំងនឹងអ៊ីស្រាអែលនិងបានបញ្ជាក់ជាថ្មីនូវ “ការគាំទ្រយ៉ាងខ្លាំងរបស់លោកចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន” ប្រឆាំងនឹងការវាយប្រហារដោយរ៉ុក្កែតពីក្រុមហាម៉ាស។

ចំពេលមានជម្លោះកាន់តែកើនឡើង សហរដ្ឋអាមេរិកបានបញ្ជូនមន្រ្តីជាន់ខ្ពស់មួយរូបទៅកាន់តំបន់នេះដើម្បីពិគ្រោះយោបល់ជាមួយបណ្តាប្រទេសក្នុងតំបន់រួមមានអេហ្ស៊ីបនិងហ្សកដានី៕