លោក Biden និង លោក Moon ព្រមព្រៀងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ

14

មេដឹកនាំសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានព្រមព្រៀងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធលើកូរ៉េខាងជើង។ ពួកគេក៏បានអះអាងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុន។

សេតវិមានបាននិយាយថាលោកប្រធានាធិបតី Joe Biden បាននិយាយជាមួយលោកប្រធានាធិបតី Moon Jae-in កាលពីថ្ងៃពុធដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការពង្រឹងសម្ព័ន្ធភាពទ្វេភាគី។

នេះគឺជាការសន្ទនាតាមទូរស័ព្ទលើកដំបូងរបស់ពួកគេចាប់តាំងពីការសម្ពោធចូលកាន់ដំណែងរបស់លោក Biden កាលពីខែមុន។

សេតវិមានបាននិយាយថាមេដឹកនាំទាំងពីរបានព្រមព្រៀងសម្របសម្រួលយ៉ាងស្អិតរមួតលើប្រទេសកូរ៉េខាងជើងហើយពួកគេក៏បានព្រមព្រៀងលើតម្រូវការសម្រាប់ការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាបន្ទាន់ផងដែរ។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថាលោកប្រធានាធិបតី Moon បានស្នើថាប្រទេសទាំងពីរត្រូវខិតខំរួមគ្នាក្នុងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនិងនាំមកនូវសន្តិភាពយូរអង្វែងដល់តំបន់។

សេចក្តីថ្លែងការណ៍នោះបាននិយាយថាលោក Biden បានសន្យាថានឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើបញ្ហានេះហើយមេដឹកនាំទាំងពីរបានព្រមព្រៀងលើតម្រូវការក្នុងការបង្កើតយុទ្ធសាស្ត្រឆ្លៀសវៃមួយទៅលើប្រទេសកូរ៉េខាងជើងឲ្យបានឆាប់រហ័ស។

សេចក្តីថ្លែងការណ៍បាននិយាយថាមេដឹកនាំទាំងពីរក៏បានអះអាងផងដែរថាការធ្វើឱ្យប្រសើរឡើងនៅក្នុងទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុននិងការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុននឹងមានសារៈសំខាន់សម្រាប់សន្តិភាពនិងវិបុលភាពក្នុងតំបន់៕