ដោយ : ភ្នំធំ / ភ្នំពេញ:សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់កាលពីថ្មីៗនេះថា ស្ថានីយប្រេងភីធីធី( PPT ) នៅកម្ពុជា មិនចាំបាច់ដោះឈ្មោះ យីហោនោះឡើយ ដោយគ្រាន់តែក្រុមហ៊ុនអាចទៅទិញប្រេងពីវៀតណាម ម៉ាឡេស៊ី ឬសិង្ហបុរី ដោយលើកលែងតែពីថៃប៉ុណ្ណោះ។
សម្តេចថ្លែងដូច្នេះ ដែលជាសញ្ញានៃការបន្ធូរបន្ថយស្ថានភាពតឹងតែង ស្មុគ្រស្មាញនិងជួយកាតបន្ថយការខាតបង់ទាំងម្ចាស់ក្រុមហ៊ុនរដ្ឋថៃមួយនេះ ក៏ដូចជានិងពិសេសដល់ម្ចាស់ស្ថានីយ៍ដែលជាជនជាតិខ្មែរ និងអោយស្ថានីយ៍ក៏នៅដំណើរការ ផ្សារ7 eleven កាហ្វេអាម៉ាហ្សូន និង អាជីវកម្ម សេវាផ្សេងនៅក្នុងបណ្តុំស្ថានីយ៍ ព្រមទាំងបុគ្គលិក កម្មករនៅមានការងារធ្វើដដែល.។
សូមរំលឹកថា សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីការផ្អាកទាំងស្រុងនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ នៅត្រឹមម៉ោង១២យប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥ កន្លងមក តទៅ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងនាយប់ថ្ងៃទី២២ខែមិថុនាថា: ចាប់ពីម៉ោង ១២យប់នេះទៅ ( ២២មិថុនា) ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។
សម្តេចបានបញ្ជាក់ថា : បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា៕