ដោយ : ភ្នំធំ / ភ្នំពេញ :ខុសស្រឡះពីការយល់ថា អ្នកថែដំរីគឺលោកទ្រី ស៊ីថេង ប្រហែលជាចង់ត្រលប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) វិញទេ ។ប៉ុន្តែបានសុំដំរីនេះជាញាតិ ។
លោកបញ្ជាក់ជំហរម៉ឺងម៉ាត់ដូច្នេះ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ខណ: លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតិអោយជួបនិងពិភាក្សាជាមួយពីដំណើររឿងរ៉ាវលោកជាមួយនឹងសត្វដំរីឈ្មោះឡាក់គីនិងអង្គការខាងលើ។
នេះបើយោងក្រសួងកសិកម្មលើកឡើងក្នុងបណ្តាញសង្គមផ្លូវការរបស់ក្រសួងនាថ្ងៃទី០៣ខែកក្កដា។
ក្នុងនោះ លោកសុំបានអនុញ្ញាតលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីអាចទៅលេងជាមួយដំរីឡាក់គី “ក្នុងនាមជាសាច់ញាតិ” ។
លោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ដែលជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានអនុញ្ញាតិអោយជួបលោករដ្ឋមន្ត្រូ ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។
ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីមើលថែឡាក់គីវិញ ក៏ដូចជាស្វែងយល់ពីលក្ខខណ្ឌការងាររបស់បុគ្គលិកអង្គការដែលនៅជួយមើលដំរីផងដែរ។
លោក ទ្រី ស៊ីថេង បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតានៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់។
លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។
យ៉ាងណាមិញ លោកបានបដិសេធមិនវិលត្រឡប់ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់តែស្នើសុំការអនុញ្ញាតឱ្យលោកអាចទៅលេង និងចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។
បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោក ទ្រី ស៊ីថេង លោករដ្ឋមន្ត្រីបានសម្តែងការគាំទ្រនិងកោតសរសើរចំពោះការលះបង់ និងការយកចិត្តទុកដាក់របស់លោកក្នុងការថែរក្សាដំរីឡាក់គី តាំងពីតូចអស់រយៈពេលជាង២៦ ឆ្នាំ។ លោករដ្ឋមន្ត្រីយល់ឃើញថា បញ្ហានេះមានភាពស្មុគស្មាញ និងស៊ីជម្រៅជាងអ្វីដែលមើលឃើញពីខាងក្រៅ។
លោករដ្ឋមន្ត្រី បានលើកឧទាហរណ៍ប្រៀបធៀបករណីនេះទៅនឹងប្តីប្រពន្ធដែលបានសម្រេចចិត្តលែងលះគ្នា ហើយកូនក៏ត្រូវឃ្លាតឆ្ងាយពីឪពុកឬម្តាយ។ ក្នុងនាមអាជ្ញាធរ យើងមិនអាចបង្ខំឱ្យប្តីប្រពន្ធទាំងពីរមកសម្របសម្រួលគ្នាវិញឡើយ គឺមានតែព្យាយាមផ្សះផ្សាតែប៉ុណ្ណោះ។
ចំពោះសំណើសុំការអនុញ្ញាតទៅលេងឡាក់គី លោករដ្ឋមន្ត្រី បានគាំទ្រនិងលើកទឹកចិត្តឱ្យលោកទ្រី សុីថេង ទៅមកភ្ជាប់មនោសញ្ចេតនាជាមួយឡាក់គី ដូចឪពុកនិងកូន។
ក្រៅពីនេះ លោកឌិត ទីណារដ្ឋមន្ត្រីក៏បានសាកសួរទៅហ្មដំរីផ្សេងៗទៀតដែលជាបុគ្គលិកអង្គការ អំពីលក្ខខណ្ឌការងារផងដែរ។
លោករដ្ឋមន្ត្រីបានសន្យាថា នឹងនាំយកសំណើសំណូមពររបស់លោក ទ្រី សុីថេង និងបុគ្គលិកដទៃទៀត ទៅពិភាក្សាជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។
មុននឹងបញ្ចប់ ដោយយល់ឃើញថា លោក ទ្រី ស៊ីថេង មានចិត្តស្រលាញ់ការងារថែរក្សាសត្វព្រៃ លោករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើថា ក្រសួងនឹងជួយគាំទ្រដល់ការងារថ្មីរបស់លោក ជាពិសេសការងារដែលទាក់ទងនឹងអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺដែលជាបំណងប្រាថ្នារបស់លោកផ្ទាល់ ។
មានមតិ យោបល់ ការចាប់អារម្មណ៍ជាច្រើនក្នុងចំណោមមហាជន អ្នកលេងបណ្តាញសង្គមអំពីរឿងរ៉ាងអ្នកថែដំរីនេះ ។
ក្នុងនលោក ខៀវ កាញ្ញារឹទ្ធិ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ-អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានយល់ឃើញថា: ឃើញមិត្តខ្លះផ្ញើសារអោយខ្ញុំជួយពិនិត្យករណីដំរី និង អ្នកមើលថែទាំវា ។
លោកសរសេរថា : ” ខ្ញុំសូមមិនលូកដៃក្នុងរឿងនេះទេ ។ តែនៅក្នុងទម្លាប់សួនសត្វ គេត្រូវចៀសវាងភាពស្និទ្ធស្នាលហួសរវាងមនុស្សនិងសត្វព្រៃ ដើម្បីទម្លាប់សត្វព្រៃអោយងាកទៅរកសត្វគ្នាវាផង ទម្លាប់វាអោយឯករាជ្យខ្លួនឯងផង ។ សត្វព្រៃខុសពីឆ្កែ ឆ្មា ឬ សត្វចិញ្ចឹមជាមួយមនុស្ស ( Pets ) នៅពេលយើងបណ្តោយអោយសត្វព្រៃនៅជាប់នឹងមនុស្ស ចាត់ទុកមនុស្សជាក្រុមគ្រួសារវាហើយ នៅពេលបំបែកគឺជាសោកនាដ្យកម្មមួយ ហើយធ្វើអោយសត្វ stress អាចដល់ឆាប់ស្លាប់ទៀត ( មានបទពិសោធន៍ច្រើនហើយនៅក្នុងពិភពលោក ) ។
មិត្តយើងប្រហែលជាចាំរឿងសត្វតោដែលចិនម្នាក់ចិញ្ចឹមតាំងពីតូច ដល់ពេលមន្ត្រីមានសមត្ថកិច្ចមកអនុវត្តច្បាប់បំបែកវាតើវា stress យ៉ាងណាទេ ? នេះគ្រាន់តែជាការជូនមតិតូចមួយដល់មន្ត្រីមានសមត្ថកិច្ចខាងនេះ ៕