ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា-ថៃ :បន្ទាប់ពីទាហានថៃសម្រេចបិទច្រកព្រំដែនតំបន់សាយតាគូនៅស្រុកបានគ្រួតខេត្តបូរីរ៉ាំ- ជប់គគីរស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យជាឯកតោភាគីចាប់ពីយប់ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាក៏សម្រេចបិទជាអចិន្ត្រៃយ៍នូវច្រកនេះដែរ ហើយបន្ថែមបិទច្រកព្រំដែនអន្តរជាតិជាំ-ជាំសាង៉ាមជាមួយទៀតតែម្តង។
យោងសាររបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចេញនៅព្រឹកថ្ងៃទី២២ខែមិថុនាថា : ” កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) លោកអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ” ។
សម្តេចធិបតីបានបញ្ជាក់ថា : ” ខ្ញុំបានឯកភាពអោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរ។ បន្ថែមពីលើច្រកជប់គគីរនេះ ខ្ញុំបានបញ្ជាឲ្យឯកឧត្តមអភិបាលខេត្ត បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ ហើយអោយជូនដំណឹងទៅភាគីថៃវិញផងដែរ” ។
សូមរំលឹកជូនថា សសារព័ត័មានថៃផ្សាយនៅយប់ថ្ងៃទី២១ខែមិថុនា ថា មេបញ្ជាការយោធភូមិភាគទី២ ឧត្តមសេនីយ៍ទោប៊ុនស៊ីន ផាតក្លាំង (Boonsin Padklang) បានបញ្ជាឲ្យបិទច្រកព្រំដែនពាណិជ្ជកម្មជាមួយកម្ពុជា (ឆងសាយតាកូ) ក្នុងខេត្តបុរីរ៉ាំ (Buriram) ព្រំប្រទល់ជាមួយស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យកម្ពុជា ចាប់ពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៥ តទៅ។
ការសម្រេចជាឯកតោភាគីនេះ ត្រូវអ្នកតាមដានស្ថានការណ័នយោបាយនិងព្រំដែនយល់ថា ភាគីថៃបានចិញ្ចឹមចិត្តព្យាយាមឈ្លានពានខ្មែរ មិនឱ្យនៅបានសុខទេ។គេគំរាមកំហែងទាំងយោធា គំរាមទាំងបិទច្រកពាណិជ្ជកម្ម ។ពេលយេីងប្រតិកម្ម វាចាំចាប់កំហុស ហេីយទម្លាក់កំហុសមកលេីយេីង។
ចំពោះសារសម្តេចធិបតីបានបន្តថា: ចាប់ពីថ្ងៃទី៧ មិថុនាឆ្នាំ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។
កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។
វាជារឿងចម្លែកមួយដែរដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឲ្យមានការចរចាបើកច្រកព្រំដែនឲ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ។
ខ្ញុំមិនដឹងថាជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រនៃការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃនិងកងទ័ពថៃ ព្រោះហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុងនិងគោលការណ៍ណាមួយច្បាស់លាស់សោះ។ ម្នាក់សុំចរចារទ្វេភាគីដើម្បីបើកច្រកអោយប្រក្រតីឡើងវិញ រីឯម្នាក់ទៀតបន្តបិទបើកជាឯកតោភាគី។
ចំពោះកម្ពុជា គឺយើងមានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខ។ បើនាយករដ្ឋមន្ត្រីចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងកងទ័ពគឺអនុវត្តបទបញ្ជានោះដោយម៉ឺងម៉ាត់។
ចំពោះការបើកច្រកព្រំដែនរវាងកម្ពុជានិងថៃ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជានៅតែប្រកាន់ជំហរដដែលគឺ÷ មិនមានការចាំបាច់ក្នុងការចរចារទ្វេភាគីរឿងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរនោះទេ។
បើភាគីថៃពិតជាចង់បើកច្រកឱ្យដូចប្រក្រតីឡើងវិញនោះ គឺអាចធ្វើបានយ៉ាងងាយស្រួលនិងលឿនបំផុត។ កងទ័ពថៃដែលជាអ្នកចាប់ផ្ដើមបិទច្រកជាឯកតោភាគី ត្រូវធ្វើការបើកច្រកឡើងវិញជាឯកតោភាគីឱ្យដូចស្ថានភាពមុនថ្ងៃទី៧ មិថុនាឆ្នាំ២០២៥ គឺជាការស្រេច។
កម្ពុជានឹងបើកឡើងវិញដែរយ៉ាងយូរប្រាំម៉ោងក្រោយ។ នេះគឺជាដំណោះស្រាយយ៉ាងសាមញ្ញបំផុត ដោយមិនចាំបាច់ចំណាយពេលចរចារនាំតែខាតពេលវេលា។ ត្រូវការតែជំហរនៃការចង់បាន ដោយពិតប្រាកដមួយរបស់ភាគីថៃតែប៉ុណ្ណោះ.៕