ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ដោយទឹកចិត្តអាណិតស្រឡាញ់លើវិស័យអប់រំ ពិសេសសមណៈសិស្ស ដែលកំពុងសិក្សារៀនសូត្រ ប្រតិភូរបស់អង្គការរីស្សូកូសីកៃ ( RESHOKO SHEIKAI) នៃប្រទេសជប៉ុន ដឹកនាំដោយលោក វ៉ាដា ម៉េគូមិ និងលោក ទេសុកា កូជិ តំណាងអង្គការនានាចុងសប្ដាហ៍មុនខែមិថុនាឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យតាមសាលាក្នុងខេត្តបន្ទាយមានជ័យ។
រួមមានពុទ្ធិកសិក្សាសាលាកម្រងវត្តឈ្នួរមានជ័យ នៃស្រុកព្រះនេត្រ សាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមក្នុងក្រុងសិរីសោភ័ណ និងសាលាពុទ្ធិកសិក្សានិងនៅវត្តសុវណ្ណគិរី ស្រុកមង្គលបូរី ។
គោលបំណងនៃការចុះពិនិត្យមើល ក្នុងបណ្ណាល័យនិងពិភាក្សាការងារមួយចំនួន សំដៅជំរុញដល់សមណៈសិស្ស ក្រោពីសិក្សាក្នុងសាលា ត្រូវបន្តចូលរួមអានសៀវភៅក្នុងបណ្ណាល័យបន្ថែមទៀត ព្រមទាំងជំរុញឱ្យតាមបណ្ដាវត្តអារាមស្ថិតនៅតាមទីប្រជុំជន បង្កើតបណ្ណាល័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យក៏បានថ្លែងនូវអំណរគុណចំពោះប្រតិភូជប៉ុន ដែលតែងតែជួយដល់វិស័យអប់រំ របស់សមណៈសិស្ស សិស្ស ដើម្បីបង្កើននូវចំណេះដឹងបន្ថែមទៀតព្រោះថា ចំណេះវិជ្ជាគឺជាទ្រព្យដ៏មហាសាលសម្រាប់មនុស្សគ្រប់រូប។ លោកបានបន្តថាបណ្ណាល័យនៅក្នុងខេត្ត មានចំនួន ១២កន្លែង ហើយតាមបណ្ដាបណ្ណាល័យនីមួយៗ មានសៀវភៅចំណេះដឹងទូទៅជាច្រើនក្បាលសម្រាប់ សមណ:សិស្ស បានរៀន បានអាន ហើយទិសដៅអនុវត្តបន្តមន្ទីរធម្មការនិងសាសនានឹងខិតខំផ្សព្វផ្សាយព័ត៌មាន សាខាបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ ដល់សាធារណជនបន្ថែមទៀតនិងជំរុញឲ្យ សាលាពុទ្ធិកបឋមសិក្សា ពុទ្ធិកអនុវិទ្យាល័យនៅពុទ្ធិកវិទ្យាល័យ ចូលអានសៀវភៅក្នុងបណ្ណាល័យ ។
និងចុងក្រោយលោក បៀវ ថាន ក៏បានធ្វើការសំណូមពរដល់តំណាងអង្គការជប៉ុនមេត្តាជួយឧបត្ថម្ភសៀវភៅសម្ភារៈផ្សេងៗ នៃអគារបណ្ណាល័យបន្ថែមទៀត។
ក្រោយពីបានចុះពិនិត្យទីតាំងបណ្ដាល័យ និងពិភាក្សារួចមកលោកវ៉ាដា ម៉េគូមិ បានមានប្រសាសន៍គាំទ្រដល់វិស័យអប់រំ សមណៈសិស្ស សិស្ស ពេញចិត្តបន្តជួយឧបត្ថម្ភបន្តទៀត ចំណេះដឹងសកម្មភាពព្រះពុទ្ធសាសនា និងសង្ឃឹមជឿជាក់ថា ព្រះតេជគុណព្រះសង្ឃដែលកំពុងសិក្សារៀនសូត្រនិងបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រនិងចូលអានសៀវភៅក្នុងបណ្ណាល័យឲ្យបាន គ្រប់ៗគ្នា។
សូមរំលឹកថា អង្គការរីស្សូកូសីកៃ ជប៉ុន ជាអង្គការដ៏ធំមួយដែលបានជួយលើវិស័យអប់រំដល់ជំរំជនភៀសខ្លួនខ្មែរនៅព្រំដែនកម្ពុជា ថៃទស្សវត្សរ៍៨០និង៩០។ ក្នុងនោះ មានបណ្តុះបណ្តាលនិងឧបត្ថម្ភគ្រូ បោះពុម្ពសៀវភៅសិក្សា ផ្តល់សម្ភារ:សិក្សា អាហាររូបត្ថម្ភដល់សិស្ស កសាងហេដ្ឋារចនាសម្ព័ន្ធអប់រំ បណ្តុះបណ្តាល។
គឺជួយដល់សកម្មភាពរបស់អង្គការសហប្រជាជាតិទទួលកិច្ចប្រតិបត្តិការសង្គ្រោះជតាមព្រំដែន(UNBRO: The United Nations Border Relief Operation , ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) អង្គការកាកបាទក្រហមអន្តរជាតិ(ICRC) ៕