(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៧នេះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន១.៦១៧នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពី ឆ្នាំ២០១៦ គឺមានការកើនឡើងចំនួន៤១នាក់។ បញ្ហានេះគឺទាមទារឲ្យមន្រ្តីនគរបាលចរាចរណ៍បង្កើន ការរឹតបណ្តឹងច្បាប់ចរាចរណ៍ឲ្យបានជាប់ជាប្រចាំ។ នេះគឺជាលើកឡើងរបស់លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះ។
យោងតាមការចុះផ្សាយរបស់នគរបាលជាតិនៅថ្ងៃពុធ ទី៦ ធ្នូនេះ ដោយដកស្រង់សម្តី លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ ដែលបានថ្លែងក្នុងសិក្ខាសាលាស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើការណែនាំឲ្យស្នងការរងទទួលផែនសណ្តាប់ធ្នាប់ និងនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេសត្រូវសហការជាមួយដែគូពាក់ព័ន្ធចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍នៅក្នុងមូលដ្ឋាន ពិសេស កសិករ កម្មករ សិស្ស និស្សិត និងអ្នកប្រើប្រាស់ម៉ូតូ ដើម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
របាយការណ៍នគរបាលចរាចរណ៍ បានឲ្យដឹងថា ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍ គឺអ្នកស្លាប់ជាអ្នកជិះម៉ូតូមានចំនួន ៧៦ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាព ចំនួន ៨៣ភាគរយ៕ ដោយ៖ Rush News