(កំពង់ធំ)៖ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការរកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកជាមួយរដ្ឋាភិបាលឱ្យកាន់តែប្រសើរឡើងឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះដែលមានជីវភាពខ្វះខាតនៅភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ ២០២៤។
មានប្រសាសន៍ចុះសួរសុខទុក្ខឯកឧត្តម ឃឹង នុភាព បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមាននូវជំងឺផ្សេងៗ។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វនិងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទំលាប់មិនល្អ និងផ្តល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អមានជំនាញមួយពិតប្រាកដដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។
ឯកឧត្តមបានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋសូមប្រើប្រាស់ស្បៀងឱ្យចំគោលដៅ ត្រូវអប់រំកូនឱ្យជៀសឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីបានថ្លែងអំណរគុណដល់ឯកឧត្តម ឃឹង នុភាពនិងរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្វះខាត ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។
ក្នុងការចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន ១១គ្រួសារ ឯកឧត្្តម ឃឹង នុភាព បានផ្តល់នូវថវិកា ១០ម៉ឺនរៀល ។
បន្ទាប់ពីសុខទុក្ខរួចមកឯកឧត្តម ឃឹង នុភាព បានបន្តដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពផ្លូវនិងស្រូវប្រាំងប្រជាពលរដ្ឋដែលទទួលរកការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង។