ខេត្តកំពង់ឆ្នាំង៖ ក្រោយទទួលបានព័ត៌មានថាមានជនខិលខូច លួចភ្ជួររាស់ និងឈូសឆាយ នៅក្នុងតំបន់៣ និងការកាប់ទន្ទ្រានដីព្រៃហាមឃាត់ ឯកឩត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង បានបញ្ជាអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅពិនិត្យជាក់ស្តែងចំនួន៣ទីតាំង ក្នុងស្រុកកំពង់លែង។
ប្រតិបត្តិការនេះនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ចុះអនុវត្តដោយលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកយ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង និងសមត្ថកិច្ចចម្រុះជំនាញពាក់ព័ន្ធ។
ជាលទ្ធផលពិនិត្យឃើញថា៖ -ទីតាំងទី១៖ ចំណុចអង្គរទ្វីប ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ពិតជាមានការភ្ជួរដីស្រែតំបន់៣ ទំហំ ៣,៨០ ហិកតា ដែលបានអាស្រ័យផលកន្លងមក ។
-ទីតាំងទី២៖ដីតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំកង្រីទូកមាស ដែលគ្រប់គ្រងដោយក្រសួងបរិស្ថានត្រូវបានបុគ្គលមួយ ចំនួនទន្រ្ទានយកធ្វើជាកម្មសិទ្ធិនៅចំណុច ៥៥ ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ក្រុមការងារពិនិត្យ ឃើញជាក់ស្តែងមានស្នាមកាប់ដើមឈើមានទំហំប្រមាណ ១.៥ហិកតា ហើយចំណុចកាប់រាននេះ ជាទីតាំងជាប់ក្បាលស្រែ ដែល អាស្រ័យផលកន្លងមក និងមានធ្វើរបងបង្គោលស៊ីម៉ងត៍ រាយបន្ទាលួសព័ទ្ធជុំវិញ ទំហំប្រហែល ១៣ ហិកតា ។
-ទីតាំងទី៣៖-ដីតំបន់៣នៅចំណុចកំពង់តានី ស្ថិតក្នុងភូមិសាស្ត្រភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ក្រុមការងារ ចុះពិនិត្យជាក់ស្តែង ពុំបានរកឃើញមានការភ្ជួរ ឬឈូសឆាយទន្ទ្រានដីថ្មីនោះទេ ដោយឃើញតែផ្ទៃដីដែលបានឈូសឆាយ ចាស់ ដែលសមត្ថកិច្ចរដ្ឋបាលជលផលបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយ(សំណុំរឿងលេខ០៤៩ ចុះ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣) ។
បន្ទាប់មកអង្គប្រជុំបានឯកភាពគ្នា ប្រគល់ភារកិច្ចជូនមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕