អភិបាលស្រុកស្ទោង ណែនាំប្រជាពលរដ្ឋឱ្យបំបាត់ជម្រកមូស ដើម្បីការពារជំងឺគ្រុនឈាមនិងជំងឺឆ្លងផ្សេងៗ

18

 

(កំពង់ធំ)÷ លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញចុះដាក់ថ្នាំអាល់បេត នៅតាមពាងទឹកនិងផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិស្រង់ ឃុំចំណាលើ និងភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៤។

លោក សាយ គឹមឡម បានបន្ថែមថាយើងអាចបំបាត់ជម្រកមូសបានដោយយើងត្រូវលុបបំបាត់ កន្លែងដក់ទឹក ឧបករណ៍ឬសម្ភារៈដែលអាចទឹកដក់បាន យើងត្រូវផ្កាប់កប់ចោល វត្ថុសម្ភារៈផ្សេងៗដែលអាចដកទឹកដូចជាសំបកដប ត្រឡោកដូង កំប៉ុងស្រាបៀរ កំប៉ុងភេសជ្ជៈផ្សេងៗទៀតដែលធ្វើឱ្យមូសមានឱកាសពងញាស់ ជាពិសេសមូសខ្លាដែលជាប្រភពចម្រងជំងឺគ្រុនឈាមដ៏កាចណាស់ហាវ និងជំងឺឆ្លងផ្សេងៗទៀតឱ្យខានតែបាន។

លើសពីនេះ លោកសាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាព  មន្ទីរពេទ្យបង្អែក និងក្រុមទ្រទ្រង់សុខភាពភូមិ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ សុខុមាភាពនិងសុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយត្រូវបន្តនិរន្តរភាពដាក់អាបេត និងចុះណែនាំប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីកំចាត់មូសនិងបង្កើនសុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។

ទន្ទឹមនឹងនេះលោកអភិបាលស្រុស្ទោង បានណែនាំដល់ប្រជាពលរដ្ឋត្រូវដេកក្នុងមុងឱ្យបានជាប្រចាំ ស្លៀកពាក់ឱ្យបានជិតល្អ និងចេះតាមដានសុខភាពភាពប្រចាំហើយ ប្រសិនបើមានអាការៈមិនប្រក្រតី  សូមបងប្អូនប្រញាប់រួសរាន់ទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីប្រឹក្សាក៏ដូចជាព្យាបាលសង្គ្រោះបានទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថា ការដាក់ថ្នាំអាល់បេត នៅក្នុងឱកាសនេះគឺមានចំនួន២ភូមិគឺ ភូមិស្រង់ និងភូមិទទា ដែលសរុបបានចំនួន២២៤ខ្នងផ្ទះផងដែរ។