អតីតនគរបាលទេសចរណ៍ខេត្តកំពង់ឆ្នាំងម្នាក់បានស្លាប់ បន្ទាប់ពីហូបត្រីក្រពតក្នុងចំណោម៣នាក់គ្រួសារ

58

 

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីក្រុមគ្រួសារយកទៅមន្ទីរពេទ្យ សង្ស័យករណីពុលត្រីក្រពត។ហេតុការនេះនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិទី៣ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង។

ក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថានៅល្ងាចថ្ងៃទី០៧ ខែកក្កដា ឪពុករបស់គាត់បានយកត្រីក្រពតពីក្នុងទូរទឹកកកដែលបានទិញពីផ្សារ យកមកចំអិនហូបបាយថ្ងៃត្រង់ជាមួយក្រុមគ្រួសារក្នុងនោះមានម្តាយ និងប្អូនប្រុសម្នាក់ទៀត។ ហូបរួចគាត់បានសម្រាកធម្មតាលុះចន្លោះពីម៉ោង៤ ទៅ៥ល្ងាចថ្ងៃដដែលស្រាប់តែឪពុករបស់គាត់មានអាការៈវិលមុខ ក្អួតចង្អោរ វង្វេងវង្វាន់ ដៃជើងស្ពឹក ពិកបាកដកដង្ហើម ក៏ប្រញ៉ាប់ប្រញ៉ាល់ជូនគាត់ទៅពេទ្យ តែជាអកុសលឪពុករបស់គាត់បានស្លាប់នៅមន្ទីរពេទ្យ។ ប្រភពដដែលបានអះអាងថាជនរងគ្រោះពិតជាបានស្លាប់ដោយពុលត្រីក្រពត ដោយឡែកចំពោះម្តាយគាត់ និងប្អូនប្រុស ដែលហូបត្រីក្រពតហើយគ្មានអាការៈពុលនោះ ប្រជាហូបមិនប៉ះចំត្រីក្រពតពុល ព្រោះត្រីក្រពតមានពូជផ្សេងៗគ្នា។

ជនរងគ្រោះមានឈ្មោះចាន់ រដ្ឋា ភេទប្រុស អាយុ៦០ឆ្នាំ អតីតជានគរបាលទេសចរណ៍ខេត្តកំពង់ឆ្នាំង បានស្លាប់ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប្រព្ធឈ្មោះឡេង ចរិយា និងកូនប្រុសឈ្មោះចាន់ ភក្រ្តា អាយុ២៩ឆ្នាំ រស់នៅភូមិ/សង្កាត់កើតហេតុខាងលើ ទាំងពីរនាក់ចូលរួមហូបត្រីក្រពតជាមួយគ្នា ប៉ុន្តែគ្មានអាការៈពុលនោះទេ។

ទាក់ទិនព័ត៌មានខាងលើនេះលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ព័ត៌មាននេះលោកទទួលបានហើយតាមការសន្និដ្ឋានបឋម យោងតាមអាការៈដូចនេះជាសញ្ញាបញ្ជាក់ថា គាត់អាចនឹងពុលត្រីក្រពតប្រាកដមែន ប៉ុន្តែដោយហូប៣នាក់ពុលតែម្នាក់ចឹងនឹងសិក្សាមើលរោគសញ្ញានេះបន្ថែមទៀត។លោកសូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារជនរងគ្រោះ ដោយសារតែរដូវនេះក្រសួងសុខាភិបាលបានប្រកាសហើយថាត្រីក្រពតមានការពុល ដូចនេះសូមអំពាវនាវប្រជាពលរដ្ឋយើងសូមកុំពិសា៕