(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធាន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនកងកម្លាំងចម្រុះ ដែលកំពុងសហប្រតិបត្តិការក្នុងភារកិច្ចគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ២គោលដៅស្ថិតនៅក្នុងតំបន់ព្រៃរក្សាទុក (រ៉េតបូក ឬព្រៃអង់តែន )និងព្រៃសហគមន៍ជាំស្មាច់ ស្ថិតក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងផែនការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ក្នុងការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដែលត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យបានជាដាច់ខាតនូវរាល់បទល្មើសធនធានធម្មជាតិ មិនឲ្យមានការកើតឡើងជាថ្មី។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នជំនាញ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាល្អ ចូលរួមក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលជិតពីរខែកន្លងទៅនេះ ទទួលបានជោគជ័យ គួរជាទីមោទនៈ ដោយគ្មានការកាប់បំផ្លាញជាថ្មី។ ដោយឡែកចំពោះការកាប់ទន្ទ្រានក្នុងរយៈពេលកន្លងទៅ កងកម្លាំងចម្រុះ និងសមត្ថកិច្ចជំនាញ បាននឹងកំពុងបន្តគ្រប់គ្រង និងស្រាវជ្រាវវែកមុខរកជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំងទាំងអស់ ត្រូវប្តេជ្ញាចិត្តដាច់ខាត ក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាពដាច់ខាត មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មី និងគ្រប់គ្រងដីដែលជនល្មើសបានកាប់ទន្ទ្រានរួចកន្លងទៅ ឲ្យនៅគង់វង្ស ដើម្បីស្រាវជ្រាវរកមុខសញ្ញាអនុវត្តន៍តាមនិតិវធីច្បាប់ ។ នៅក្នុងឱកាសនេះផងដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ.ប្រេងឥន្ទនះ និងសម្ភារៈសម្រាប់បម្រើមួយចំនួនទៀត ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តបម្រើឲ្យសកម្មភាពប្រតិបត្តិការបង្ក្រាបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត។