(កំពង់ធំ)÷ លោកគ្រូ សុខ ប៊ុនថេន ប្រធានគណៈកម្មការគ្រីស្ទបរិស័ទខេត្តកំពង់ធំ លោកគ្រូ ភិន សុខុន ប្រធាន គណៈកម្មការយុវជនគ្រីស្ទបរិស័ទខេត្ត អ្នកគ្រូ ជី សុខលី ប្រធានគណៈកម្មការស្ត្រី គ្រីស្ទបរិស័ទខេត្ត និងព្រឹទ្ធាបូជាចារ្យដែលអញ្ជើញមកពីរាជធានីភ្នំពេញ ព្រមទាំងសមាជិកចំនួន៤៧០នាក់ បានអញ្ជើញចូលរួមសិក្ខាសាលាស្រ្តីគ្រីស្ទបរិស័ទប្រចាំខេត្តកំពង់ធំ ឆ្នាំ២០២៤ ក្រោមប្រធានបទ(ស្ត្រីដើរតាមព្រះបន្ទូលរបស់ព្រះ) រៀបចំដោយៈ គណៈកម្មការស្រ្តីគ្រីស្ទបរិស័ទសហការជាមួយសាលាព្រះគម្ពីរសារកកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានឡូវ គីមសេង ស្ថិតនៅសង្កាត់ដំរីជាន់ខ្លាក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកគ្រូ ភិន សុខុន ប្រធាន គណៈកម្មការយុវជនគ្រីស្ទបរិស័ទខេត្ត បានធ្វើការបង្ហាញពីគោលបំណងក្នុងការធ្វើសិក្ខាសាលានេះគឺដើម្បី លើកកម្ពស់ស្ត្រី បង្កើនឱ្យមានការប្រកបចិត្តស្និទ្ធនិងគ្នា ស្តាប់ព្រះបន្ទូល ដើម្បីរីកចម្រើនខាងព្រលឹងវិញ្ញាណជាមួយគ្នា ព្រមទាំងបង្កើតផលផ្លែថ្វាយព្រះរួមគ្នាផងដែរ។
លោកគ្រូ សុខ ប៊ុនថេន បានមានប្រសាសន៍ថា ស្ត្រីគឺជាមាតាពិភពលោក ស្ត្រីជាមេផ្ទះដើរតួយ៉ាងសំខាន់នៅក្នុងគ្រួសារ មើលថែទាំកូនចៅ រៀបចំទុកដាក់សម្ភារៈឱ្យមានសណ្ដាប់ធ្នាប់ល្អ រៀបចំម្ហូបអាហារគ្រប់ពេល ជួយបង្រៀនកូនឱ្យមានក្រមសីលធម៌ល្អ ស្ត្រីជាមេដឹកនាំ ដោយសារលើកកិត្តិយសស្ត្រីជាអ្នកនាំមុខ ក្នុងការធ្វើសង្គ្រាមទទួលបានជោគជ័យ និងដឹកនាំប្រទេសឱ្យមានការរីកចម្រើនលើកគ្រប់វិស័យ ស្រ្តីបានផ្សព្វផ្សាយពីព្រះគម្ពីរទៅក្រុមជំនុំដទៃទៀត ដើម្បីឱ្យស្ត្រីជាច្រើនអ្នកយល់កាន់តែច្បាស់ពីព្រះបន្ទូលនៃព្រះគ្រីស្ទ និងស្គាល់ព្រះយេស៊ូគ្រីស្ទឱ្យបានច្បាស់លាស់។
លោកគ្រូប្រធានគណៈកម្មការគ្រីស្ទបរិស័ទខេត្តកំពង់ធំបានបញ្ជាក់ពី របៀបដែលព្រះទ្រង់មានព្រះបន្ទូលទៅកាន់ពួកអ្នកដែលគ្មានក្រិត្យវិន័យ ពេលពួកសាសន៍ដទៃដែលគ្មានក្រឹត្យវិន័យប្រព្រឹត្តតាមក្រឹត្យវិន័យដោយឯកឯង ខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះជាគេគ្មានក្រឹត្យវិន័យក៏ដោយ។ គេបង្ហាញីឱ្យឃើញថាសេចក្តីដែលក្រឹត្យវិន័យតម្រូវឱ្យធ្វើបានកត់ទុកនៅក្នុងចិត្តរបស់គេ មនសិការរបស់គេក៏ធ្វើបន្ទាល់ដែរ ហើយគំនិតរបស់គេ ជួនកាលចោទប្រកាន់ ជួនកាលដោះសា ពួកគេបង្ហាញឱ្យឃើញថាកិច្ចការរបស់ក្រឹត្យវិន័យមានចារឹកទុកក្នុងចិត្តរបស់ពួកគេ។ សតិសម្បជញ្ញៈរបស់ពួកគេក៏ផ្តល់សក្ខីភាពដែរ ហើយគំនិតរបស់ពួកគេចោទប្រកាន់ខ្លួនឯង ឬក៏ដោះសាខ្លួនឯងទៀតផង។
គួរបញ្ជាក់ផងដែរថា ក្រោយពីសិក្ខាសាលាស្ត្រីគ្រីស្ទបរិស័ទប្រចាំខេត្តកំពង់ធំ ឆ្នាំ២០២៤ចប់ គណៈអធិបតីក៏បានប្រគល់លិខិតថ្លែងអំណរអរគុណដល់គណៈកម្មការស្រ្តីគ្រីស្ទបរិស័ទខេត្តកំពង់ធំ ដែលបានបំពេញតួនាទី និងបានអនុវត្តការងារក្នុងការសម្របសម្រួល ដឹកនាំ ជំរុញលើកទឹកចិត្ត និងបំរើដល់ព័ន្ធកិច្ចស្ត្រីក្នុងខេត្តកំពង់ធំ ដែលកន្លងមកសម្រេចសមិទ្ធផលបានជោគជ័យជាទីមោទនភាពចំនួន០៩នាក់ និងបានប្រគល់លិខិតថ្លែងអំណរអគុណនេះដល់ស្រ្តីដែលជាអ្នកដឹកនាំតាមបណ្តាស្រុក/ក្រុងចំនួន០៧នាក់ក្នុងខេត្តកំពង់ធំផងដែរ។