ខេត្តកំពង់ឆ្នាំង៖ លោកម៉នផល្លា ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង រួមជាមួយអាធរឃុំជៀប សហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជនអង្គការសំឡេងអភិវឌ្ឍ ប្រមាណជិត ៤០០នាក់ បាននាំគ្នាដាំដើមឈើចម្រុះ នៅក្នុងតំបន់ព្រៃដែលកំពុងរិករិល ។
ការដាំកូនឈើចម្រុះទាំងនេះនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចតំបន់ព្រៃរិករិល ក្នុងភូមិសាស្រ្តតំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ”ការកែប្រែដីរហោឋាន និងភាពធននៃគ្រោះរាំងស្ងួត” ។
កូនឈើទាំងនោះមានដូចជាដើមកកោះ បេង និងក្រញូង មានចំនួន១២០០ដើម ដាំនៅតំបន់ព្រៃខាងលើក្នុងទំហំ ប្រមាណជិត២ហិកតា និងបន្តដាំបន្ថែមទៀត ជាបន្តបន្ទាប់។
ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឱ្យក្លាយទៅជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងអភិវឌ្ឍមេត្រីបរិស្ថាន ជាពិសេសផ្សព្វផ្សាយដល់ប្រជាជនសហគមន៍ពីសារៈសំខាន់របស់ពួកគាត់ក្នុងការចូលរួមទប់ស្កាត់ការផ្លាស់ប្តូរភាពអវិជ្ជមានចំពោះបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់វិស័យឯកជនចូលរួមថែរក្សាបរិស្ថាន ទទួលបានការគាំទ្រជាសកលដើម្បីធ្វើព្រឹត្តការណ៍នេះក្លាយជាយុទ្ធនាការមួយដែលទទួលបានជោគជ័យនៅទូទាំងពិភពលោក ម៉្យាងវិញទៀតទិវាបានជំរុញឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិវេណនៅក្បែរលំនៅដ្ឋានរបស់ពួកគេដែលជាការចាប់ផ្តើមយុទ្ធនាការនេះ ធ្វើឱ្យភពផែនដីស្អាត មានពណ៌បៃតងជាងមុន និងបរិយាកាសស្អាត៕