(កំពង់ធំ)÷ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៤ រដ្ឋបាលស្រុកប្រាសាទសំបូរ បានប្រារព្ធពិធីជាតិនៃការចងចាំ ២០ ឧសភា នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ក្រោមអធិបតីភាពឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ។
ការអញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរមានលោក កុច ស៊ុនហូ ប្រធានក្រុមប្រឹក្សាស្រុក លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល លោកលោកស្រីប្រធាន-អនុប្រធានការិយាល័យ លោកមេឃុំសំបូរណ៍ សមាជិកក្រុមប្រឹក្សាឃុំសំបូរណ៍ លោកនាយក លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៧០០នាក់។
ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តម ញឹក បានខេង បានកោតសរសើរដល់ប្អូនៗសិស្សានុសិស្ស ដែលបាននាំយកផ្ទាំងទស្សនីយភាព មកបង្ហាញជូនដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងសិស្សានុសិស្ស បានឃើញពីភាពលំបាក ការជិះជាន់ បង្អត់អាហារ នឹងធ្វើទារុណកម្មគ្រប់បែបយ៉ាង នៅក្នុងសម័យខ្មែរក្រហម ដល់យង់ឃ្នងនេះ។ ក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ បីតាស្ថាបនិកសន្តិភាព យើងមានថ្ងៃ ៧ មករា ១៩៧៩ ទើបយើងមានជីវិតរស់នៅ។ យើងមាន ៧ មករា ១៩៧៩ យើងចាប់ផ្ដើមកសាងប្រទេសយើងពីរបាតដៃទទេ រហូតដល់យើងបានអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនដូចសព្វថ្ងៃ។ ដូច្នេះបងប្អូន ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវតែខិតខំធ្វើយ៉ាងណាថែរក្សាសន្តិភាព ឲ្យបានគង់វង្សតរៀងទៅ ។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា ទិវាជាតិការចងចាំ ២០ ឧសភា គឺជាថ្ងៃដែលប្រជាជនកម្ពុជាទាំងអស់មិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាងបីលាននាក់ និងជាថ្ងៃរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបអាវខ្មៅ ដ៏សែនឈឺចាប់ផងដែរ។
ឯកឧត្តម ញឹក បានខេង បានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យបានរីកចម្រើនយើងត្រូវតែមានសន្តិភាព ។នៅពេលនេះសន្តិភាពយើងមានហើយ ដូច្នេះយើងត្រូវថែរក្សាសន្តិភាពឱ្យបានគង់វង្ស មិនត្រូវជឿលើជនអគតិ ដែលព្យាយាមលាបពណ៌បំបែកបំបាក់ និងបំផ្លាញសន្តិភាពឡើយ។
មុននឹងបញ្ចប់ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខដឹកនាំដ៏ឆ្លាតវៃ ដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពសម្បូរសប្បាយតទៅមុខទៀត។