កំពង់ឆ្នាំង: នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិតីភាពក្នុងកម្មវិធីជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីនគរ
បាលជាតិ ផែនការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមពីលោកស្នងការរងលោក លោកស្រីនាយ នាយរងការិយាល័យជំនាញ លោក លោកស្រីនាយ នាយរងផ្នែក និងមន្រ្តីទាំងអស់ចំណុះឲ្យផែនការងារសេនាធិការ។
ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍សំណេះ សំណាល សួរសុខទុក្ខដល់បងប្អូនមន្រ្តីនគរបាលយើង ប្រកបដោយភាពស្និតស្នាលក្រៃលែង ហើយលោកបានកោតសរសើរចំពោះកងកម្លាំងនគរបាលយើង ដែលហ៊ានលះបង់ពេលវេលាដ៏មានតម្លៃ ធ្វើការយ៉ាងសស្រាក់សស្រាំ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តទាំងថ្ងៃទាំងយប់ មិនគិតពីផលលំបាក់របស់ខ្លួននោះ ដើម្បីបម្រើ និងបង្កើតភាពសុខសាន្តជូនដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងយើងទាំងមូល។
មិនតែប៉ុណ្ណោះលោកក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំតាមបណ្តាថ្នាក់ និងមន្រ្តីនគរបាលយើង បន្តយកចិត្តទុកដាក់ ខិតខំ បំពេញ និងពង្រឹងប្រសិទ្ធិភាពការងារជំនាញ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ដើម្បីសម្រេចគោលបំណងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងប្រទេសជាតិឲ្យមាមភាពសុខដុមរម្យនា ទាំងសុខសុវត្ថិភាព ផ្លូវកាយ ផ្លូវចិត្ត ផ្លូវអារម្មណ៍ និងបម្រើប្រទេសជាតិឲ្យមានសុខសន្តិភាពជាលំដាប់។
ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកជួយឃុំគ្រង និងថែរក្សា សុខសុវត្ថិភាព និងភាពរីកចម្រើនដល់បងប្អូនកងកម្លាំងនគរបាលយើង រួមទាំងបងប្អូនប្រជាពលរដ្ឋទូរទាំងខេត្តកំពង់ឆ្នាំង ឲ្យសមប្រសមប្រតែភាពសុខសាន្ត និងទទួលបានពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លាតឡើយ៕