(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិក ព្រឹទ្ធសភាបានជំរុញឲ្យព្រះសង្ឃគ្រប់ព្រះអង្គគោរពប្រតិបត្តិធម៌វិន័យ ក្នុងព្រះពុទ្ធសាសនាឲ្យបានខ្ជាប់ខ្ជួន។
លោកជំទាវ ឃួន ឃុនឌី បានថ្លែងដូចនេះនៅក្នុងពិធីប្រគេនចង្ហាន់ជូនដល់ព្រះសង្ឃចំនួន ២០០ អង្គ ដែលកំពង់
សិក្សារៀនសូត្រក្នុងវត្តឥន្ទ្រីយសំវរ: (ហៅវត្តកំពង់ធំ) ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
លោកជំទាវបានបន្តថាព្រះពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់សំរាប់ពុទ្ធបរិស័ទក្នុងការគោរពប្រណិប័តន៍ ព្រមទាំងជូយគាំទ្រក្នុងការកសាងព្រះវិហារ សាលាឆាន់ និងហេដ្ឋារចនាសម្ព័ន្ធនានា ជាមួយការលះបង់ទាំងបច្ច័យនិងសម្ភារៈដោយឧទ្ទិសកុសលសុំសេចក្តីសុខសេចក្តីចំរើនជូនមាតាបិតា សំរាប់បច្ចុប្បន្នជាតិ និងអនាគតជាតិ ក៏ដូចជាការជួយលើក
តំកើននូវសាសនាជាតិដែលមិនអាចកាត់ថ្លៃបានពិសេសព្រះពុទ្ធសាសនាត្រូវបានកំណត់ជាសាសនារបស់រដ្ឋ។
លើសពីនេះទៅទៀតប្រជាជនជាង៩០% ជាអ្នកប្រណិប័តន៍ព្រះពុទ្ធសាសនាដោយយើងមិនអាចកាត់ផ្តាច់រវាងពុទ្ធចក្រ និងអាណាចក្របានឡើយ។ ដូចនេះសូមឲ្យព្រះសង្ឃគ្រប់ព្រះអង្គត្រូវតែខិតខំសិក្សារៀនសូត្រពុទ្ធប្រណិប័តន៍ឲ្យបានល្អ ដើម្បីថែរក្សាព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរ យូរអង្វែង។ សម្រាប់ចង្ហាន់ប្រគេននៅថ្ងៃនេះទោះបីបើ មានការខ្វះខាតតិចតួចក៏ពិតមែនតែអាចជួយសម្រួលបានមួយផ្នែកផងដែរនិងផ្លាស់ប្តូរបរិយាកាសនិងជួយបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងព្រះសង្ឃនិងពុទ្ធបរិស័ទផងដែរ។
លោកជំទាវ ឃួន ឃុនឌី សូមគោរពជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គសូមមានសុខភាពល្អបញ្ញាវាងវៃដើម្បីគង់ជាម្លប់ដល់ពុទ្ធបរិស័ទនិងថែរក្សានូវព្រះពុទ្ធសាសនាឲ្យបានគង់វង្សយូរអង្វែង។