ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ពីផែនការជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងប្រទេសអ៊ូសបេគីស្ថាននៅសប្តាហ៍ក្រោយ។
ការអះអាងនេះបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់លោកកាលពីថ្ងៃពុធជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិន លោក លី ហ្សានស៊ូ។
លោក លី កំពុងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុងវ្លាឌីវ៉ូស្តុកជាកន្លែងដែលលោក ពូទីនបានថ្លែងសុន្ទរកថា។
ការិយាល័យប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោក ពូទីន បានស្វាគមន៍មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់លំដាប់ទី 3 នៅទីក្រុងប៉េកាំង ដោយនិយាយថា ដំណើរទស្សនកិច្ចរបស់លោក លី “គូសបញ្ជាក់អំពីលក្ខណពិសេសនៃទំនាក់ទំនងរុស្ស៊ី-ចិន”។
លោក ពូទីន ក៏បានសម្តែងក្តីសង្ឃឹមថា នឹងជួបជាមួយប្រធានាធិបតី ស៊ី ក្នុងពេលឆាប់ៗនេះ។
លោកបាននិយាយថា លោកនឹងជួបពិភាក្សាជាមួយលោក ស៊ី ក្នុងអំឡុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន ដែលចាប់ផ្តើមនៅថ្ងៃទី 15 ខែកញ្ញា។
លោក ពូទីន និងលោក ស៊ី បានជួបពិភាក្សាគ្នាតាមទូរសព្ទ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ប៉ុន្តែនេះជាលើកដំបូងដែលពួកគេនឹងជួបគ្នាដោយផ្ទាល់ចាប់តាំងពីថ្ងៃទី 4 ខែកុម្ភៈ។ លោកពូទីនក៏បានបង្ហាញពីផែនការដើម្បីជួបពិភាក្សាត្រីភាគីជាមួយប្រធានាធិបតីម៉ុងហ្គោលី លោក អ៊ុកក្នា ឃូរីលស៊ុក នៅក្នុងកម្មវិធីមួយនៅប្រទេសអ៊ូសបេគីស្ថាន។ រដ្ឋបាលលោកពូទីនបាននិងកំពុងពង្រឹងទំនាក់ទំនងជាមួយក្រុងប៉េកាំង។ យោធាចិនបានចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់រុស្សីដែលបានធ្វើឡើងនៅតំបន់ចុងបូព៌ារយៈពេលមួយសប្តាហ៍រហូតដល់ថ្ងៃពុធ។
ខណៈដែលរុស្ស៊ីបន្តរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់អឺរ៉ុប និងសហរដ្ឋអាមេរិក វាត្រូវបានគេមើលឃើញថា ទីក្រុងមូស្គូនឹងពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំង៕